ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ ត្រូវប្រជាពលរដ្ឋចាប់យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លា បន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចយកម៉ូទ័រចំនួន២គ្រឿង ។
ករណីនេះ កើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិចុងថ្នាល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចាន់ សុធា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ(ឃាត់ខ្លួន) ចំណែកបក្ខពួកម្នាក់ទៀតមានឈ្មោះ ហៅ អាប៉េដេ អាយុប្រហែល២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន(រត់គេចខ្លួន) ។ ចំណែកជនរងគ្រោះមានឈ្មោះ មុិញ ហ័ង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងផ្សាដែក ស្នាក់នៅផ្ទះលេខ១៦៣ ផ្លូវ១៨២ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ។
ប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូសណ្តោងរ៉ឺម៉កដោយមានសម្ភារផ្សាដែក ដូចជាម៉ូទ័រតាក់ និងម៉ូទ័រស្វានបុកនៅក្នុងរ៉ឺម៉កមកឈប់នៅមុខផ្ទះកន្លែងកើតហេតុហើយក៏ចូលទៅហូបបាយបន្តិចក្រោយមកស្រាប់តែមារបានជនសង្ស័យ២នាក់ បានជិះម៉ូតូ១គ្រឿងម៉ាកស៊ុយសុីស្មាស់ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BV4300 ជិះគ្នា២នាក់ បានមកឈប់ហើយជនសង្ស័យបានធ្វើសកម្មភាពលួចយកម៉ូទ័រ២គ្រឿងដាក់លើម៉ូតូ ពេលនោះជនរងគ្រោះឃើញក៏ចេញមកស្រែកថា ចោរៗហើយជនសង្ស័យម្នាក់ក្នុងចំណោម២បានរត់គេចខ្លួននៅសល់តែជនសង្ស័យឈ្មោះ ចាន់ សុធា រត់មិនទាន់ ទើបឃាត់ខ្លួនយកមកប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាតែម្តង។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ តុង សីហា