ភ្នំពេញ: ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ នាំគ្នាចោមរោមមើលប្តីប្រពន្ធវ័យក្មេងមួយគូ ដែលភាគីបុរសដើរដោយថ្មើរជើង និងស្ត្រីជាប្រពន្ធអង្គុយលើម៉ូតូឌុបកូនប្រុសតូចម្នាក់ នៅខាងមុខបានឈ្លោះប្រកែកជេរគ្នាយ៉ាងតឹងសរសៃកនៅតាមផ្លូវសាធារណ: ដោយមិនដឹងពីមូលហេតុអ្វី ដែលទង្វើនេះពួកគេហាក់ដូចជាមិនអាណិតកូនតូចដែលមិនដឹងអីនោះឡើយ។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង ១៥នាទីល្ងាច ថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០១៧ នៅចំណុចមុខហាងជួសជុលម៉ូតូមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ ២៧១ ខាងលិចស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អ្នកឃើញហេតុការណ៍ម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ដើរដោយថ្មើរជើង និងស្ត្រីម្នាក់ដែលមានអាយុប្រាមាណជាជាង ២០ឆ្នាំ ដូចគ្នា ដោយបានជិះម៉ូតូម៉ាក ស៊ុយហ្ស៊ុយគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញBH-៨០០៩ មួយគ្រឿងដោយមានឌុបកូនប្រុសតូចម្នាក់ពីមុខផង។នៅពេលមកដល់កន្លែងកើតហេតុ មិនដឹងជាពួកគេបានធ្វើដំណើរបណ្តើរ ឈ្លោះប្រកែកគ្នាបណ្តើរ និងប្រើពាក្យជេរដៀលគ្នាទៅវិញទៅមក និងស្ទើរតែឈានទៅដល់ការប្រើអំពើហិង្សាដាក់គ្នានៅតាមផ្លូវសាធារណ:ទៀតផង។
ប្រភពដដែលបន្តថា ក្រោយពេលដែលប្តីប្រពន្ធទាំង២នាក់ឈ្លោះគ្នា និងធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋដែលមានទីលំនៅក្បែរកន្លែងកើតហេតុនោះពុំមានសមត្ថកិច្ច ឬ ប្រជាពលរដ្ឋណាម្នាក់ចូលទៅជួយសម្របសម្រួល ដល់ពួកគាត់ទាំងពីរនាក់ឡើយ ដោយទុកឲ្យពួកគាត់ទាំងពីរនាក់បន្តធ្វើដំណើរទៅមុខ ឈ្លោះគ្នាបណ្តើរជេរគ្នានូវពាក្យអសុរោះបណ្តើរ ។
យ៉ាងណាប្រជាពលរដ្ឋខ្លះដែលឃើញហេតុការណ៍នេះនិយាយថា បើបានក្លាយជាប្តី ប្រពន្ធរហូតមានកូនទៅហើយនោះ ពេលខឹងគ្នាយ៉ាងណាមិនគួរជេរបញ្ចោរ ហែកហួរគ្នាតាមផ្លូវសាធារណៈឲ្យគេឯងឃើញយ៉ាងដូច្នេះទេ គួរណាស់អាណិតកូនតូចដែលគ្នាមិនដឹងអីផង៕ ប្រាថ្នា