ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ បានចុះទៅកាត់ និងដកស្លាក ស្ទឹកគ័រ របស់គណបក្សសង្គ្រោះជាតិ ដែលបានបំពានច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)ហាមមិនឲ្យគណបក្សនយោបាយយកស្លាកទៅបិទនៅដើមឈើ និងបង្គោលភ្លើងជាដាច់ខាត ។
លោក ចាប ឌីណា នាយករងរដ្ឋបាលសាលាខណ្ឌ ដែលដឹកនាំការងារនេះផ្ទាល់ បានឲ្យដឹងថា មុនកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះទៅបក និងដកហូតស្លាកគណបក្សសង្គ្រោះជាតិនេះ បានជូនដំណឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរយៈពេល៣ថ្ងៃមកហើយ ដែលយុទ្ធនាការនេះ មិនមែនផ្ដោតសំខាន់តែទៅលើ ស្លាកគណបក្សនយោបាយនោះទេ ពោលគឺបកទាំងអស់នូវស្លាកផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ។
ដោយឡែក លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ថា ពាក់ព័ន្ធការបិទខិតប័ណ្ណនៅតាមបង្គោលភ្លើង និងដើមឈើ ត្រូវបានហាមឃាត់ ហើយចង់ប៉ាន់ណូ ឬបដា ឬខិតប័ណ្ណស្ដីពីការឃោសនា តំណាងគណបក្សនយោបាយ ត្រូវស្នើសុំមកសាលារាជធានីភ្នំពេញ ពេលនោះសាលារាជធានីភ្នំពេញ នឹងពិនិត្យមើលទីតាំងទាំងនោះជូន តែបើមានការប៉ះពាល់ នឹងមិនអនុញ្ញាតឲ្យនោះឡើយ ។ហើយ សកម្មភាពរបស់គណបក្សសង្គ្រោះ កំពុងតែបានបំពានលើការហាមប្រាមរបស់អាជ្ញាធរហើយ ដែលមិនអត់ឱនឲ្យបាននោះទេ។
គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ អាជ្ញាធរខណ្ឌច្បារអំពៅ ក៏បានចុះទៅកាត់ និងដកស្លាក ស្ទឹកគ័រ របស់គណបក្សសង្គ្រោះជាតិ ដែលបិតនៅតាមបង្គោលភ្លើង និងដើមឈើផងដែរ ៕ ស តារា