ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​ចោទប្រកាន់​បុរស​អាមេរិក​ម្នាក់​ពី​បទ​គំរាម​កំហែង​ហេក​កេរ្តិ៍​ តែ​ចៅក្រម​ពុំ​ទាន់​សម្រេច​ឃុំ​ឬ​មិន​ឃុំ​

ចែករំលែក៖

ភ្នំពេញ​៖ ​បុរសជនជាតិ​អាមេរិក​ម្នាក់​ ត្រូវ​បាន​ចោទប្រកាន់​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​ឧសភា​ នេះ​ ពាក់ព័ន្ធ​បទល្មើស​គំរាម​កំហែង​ហែកកេរ្តិ៍​ ។

មន្ត្រី​តុលាការ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បញ្ជាក់​ថា​ លោក​ លី​ សុផាណា​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចោទ​ប្រកាន់​បុរស​ឈ្មោះ​ MARK ALAN UANDEW ATER អាយុ៦៧ឆ្នាំ មុខរបរអ្នកជំនួញ ពី​បទ​គំរាម​កំហែង​ហែកកេរ្តិ៍​ តាម​មាត្រា​២៧២និង​២៧៣នៃ​ក្រម​ព្រហ្មទណ្ឌ​ ។​ បទល្មើស​នេះ​កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​២ឆ្នាំ​ទៅ​៥ឆ្នាំ​ និង​ ពិន័យ​ជា​ប្រាក់​ចំនួន​៤លាន​រៀល​ទៅ​១០លាន​រៀល​ ។

មន្ត្រី​ដដែល​ បន្ត​ថា​ ជនត្រូវចោទ​និង​សំណុំរឿង​ត្រូវ​បាន​បញ្ជូន​ទៅ​លោក​ ប៊ុន​ ធី​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចាត់​ការ​បន្ត​តាម​នីតិវិធី​ ។​ ប៉ុន្តែ​ពេល​នេះ​ ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅ​ឡើយទេ​ ។

ដំណើរ​រឿង​ក្តី​នេះ​ ត្រូវបាន​ប្រភព​ព័ត៌មាន​ បញ្ជាក់​ថា​ កាលពី​ថ្ងៃទី១៨ ខែ​ឧសភា ឆ្នាំ​២០១៧ ជនសង្ស័យបានផ្ញើសារអេឡិចត្រូនិចជាភាសារអង់គ្លេសទៅ​មិត្តភក្ដិ​ម្នាក់ ដោយគំរាមទារប្រាក់ចំនួន​មួយ​ម៉ឺន​ដុល្លារអាមេរិក ។

ប្រភពបន្តទៀតថា ជនសង្ស័យបានផ្ញើទូរសារចូលទៅ​មិត្តភក្ដិ​នោះចំនួន៥លើក ក្នុង១លើកៗ គេទារ ២០០០ដុល្លារ ដោយគំរាមថាបើមិនឲ្យទេគេ និងប្រាប់ទៅ​ប្រពន្ធ​នៅប្រទេសវៀតណាមថា អ្នកឯងមានស្រីនៅស្រុកខ្មែរ ។

បន្ទាប់ពីមានការគំរាមចំនួន៥លើកដដែលៗនោះ ជនរងគ្រោះសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅ​នគរបាលនាយកដ្ឋានប្រឆាំងបទល្មើបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ឲ្យជួយចាត់ការលើជនខិលខូចនេះ​ ។

សមត្ថកិច្ច​បាន​ស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ​ នៅ​ភោជនីយដ្ឋាន​គិរីរម្យ​ ក្នុងខណ្ឌចំការមន តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ៕​ ចេស្តា


ចែករំលែក៖