ខេត្តបាត់ដំបង៖ ២នាក់ឪពុកកូនបានស្លាប់ភ្លាមៗ និងម្នាក់ទៀតសន្លប់ស្តូកស្តឹងបន្ទាប់ពីពួកគេដឹកដៃគ្នាឡើងផ្ទះពេលមេឃកំពុងភ្លៀង ហើយចៃដន្យចរន្តអគ្គីសនីបានឆ្លងតាមបង្កាន់ដៃដណ្តើរ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នៅផ្ទះជនរងគ្រោះស្ថិតក្នុងភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ជនរង គ្រោះ២នាក់បានស្លាប់ និងម្នាក់ទៀតជាអ្នករស់នៅជិតខាងស្ថិតក្នុងស្ថានភាពសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យបង្អែកមោងឫស្សី ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យ ដឹងថា នៅវេលាកើតហេតុខាងលើ ខណៈមេឃកំពុងភ្លៀងរលឹមស្រិចៗជនរងគ្រោះជាឪពុកបានដឹកដៃកូនប្រុសឡើងទៅលើផ្ទះ ស្រាប់តែពេលនោះចរន្តភ្លើងក៏ឆ្លងតាមបង្កាន់ដៃជណ្ដើរផ្ទះធ្វើពីដែកបណ្ដាលឲ្យ ឆក់ទាំងពីរនាក់ឪពុកកូន។ ឃើញដូចនេះ ជនរងគ្រោះឈ្មោះ វ៉េត ធី ជាអ្នករស់នៅជិត ខាងបានរត់ទៅជួយក៏ត្រូវចរន្តអគ្គិសនីឆក់បណ្ដាលឲ្យដួលសន្លប់ផងដែរ ។
អ្នកភូមិបានឲ្យដឹងថា ជនរងគ្រោះទាំង ៣នាក់ ទី១-ឈ្មោះ ជឿន ម៉ុន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរធ្វើស្រែ (ស្លាប់) ទី២-ឈ្មោះ ម៉ុន ម៉ៃ ភេទប្រុស អាយុ១០ឆ្នាំ មុខ របរសិស្ស (ស្លាប់)។ អ្នកទាំង២ត្រូវជា ឪពុកកូននឹងគ្នា រស់នៅភូមិ-ឃុំកើតហេតុ ខាងលើ។ ចំណែកជនរងគ្រោះទី៣-ឈ្មោះ វ៉េត ធី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើ ស្រែ រស់នៅភូមិ-ឃុំកើតហេតុ(សន្លប់) ។
បច្ចុប្បន្នជនរងគ្រោះឈ្មោះ វ៉េត ធី ត្រូវគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកស្រុកមោងឫស្សី។ ចំណែកសាក សពជនរងគ្រោះ២នាក់ឪពុកកូនត្រូវក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីនៅ គេហដ្ឋានដោយក្ដីសោកស្តាយជាពន់ពេក៕ សហការី