ព័ត៌មានទាន់ហេតុការណ៍៖

សំណុំរឿងបាញ់សម្លាប់មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីអ.ហ. ម្ចាស់ស្ថានីយប្រេង និងពលរដ្ឋនៅខេត្តកំពង់ឆ្នាំងមិនទាន់បំបែក

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ករណីខ្មាន់កាំភ្លើងបាញ់ប្រហារចូលស្នាក់ការប៉ងសម្លាប់មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីកងរាជអាវុធហត្ថម្ចាស់ស្ថានីយប្រេងនិងពលរដ្ឋនៅខេត្តកំពង់ឆ្នាំងសមត្ថ​កិច្ច​នៅមិនទាន់​បំបែកសំណុំរឿងចាប់ជនដៃ ដល់បាននៅឡើយទេ ខណៈដែលក្រុម គ្រួសារជនរងគ្រោះចង់ឃើញមុខ​ពិតជន ដៃ​ដល់ ។

ទាក់ទិននឹងករណីជនមិនស្គាល់មុខ បាញ់ប៉ងសម្លាប់មន្រ្តីមានសមត្ថកិច្ច និង ប្រជាពលរដ្ឋខាងលើនេះលោក លឹម ហាក់ ប្រធានផ្នែកព្រហ្មទណ្ឌនៃទីបញ្ជាការកង រាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានប្រាប់ឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន និងសមត្ចកិច្ចកំពុងសុើបអង្កេតបន្តដើម្បីស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ផ្សេង ទៀត។ លោកមិនបាន​បញ្ជាក់ឲ្យដឹងពីអត្តសញ្ញាណជនសង្ស័យត្រូវបានឃាត់ខ្លួន ខាងលើនេះទេតែលោក​បញ្ជាក់ថា នីតិវិធី កំពុងដំណើរការ ។

ដោយឡែកលោក ឡុច សុវណ្ណារ៉ា ស្នង​ការ​​នគរបាលខេត្តកំពង់ឆ្នាំងនៅព្រឹក​ថ្ងៃទី២៧ ខែឧសភា មិនបានធ្វើអត្ថាធិប្បាយ លើសំណុំរឿងក្រុមខ្មាន់កាំភ្លើង​បាញ់ប៉ង សម្លាប់មន្រ្តីមានសមត្ថកិច្ចនិងពលរដ្ឋខាង លើនេះទេដោយលោកប្រាប់ថា កំពុង​ជាប់ រវល់ប្រជុំ ។

គួររំលឹកថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ខ្មាន់កាំភ្លើង២នាក់បានបាញ់ ប្រហារចូលស្នាក់ការប្រចាំការរបស់មន្ត្រី រដ្ឋបាលព្រៃឈើនៅចំណុចភូមិក្តុល ឃុំ ក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យមន្ត្រីរដ្ឋបាលព្រៃឈើម្នាក់ស្លាប់ នៅពេលបញ្ជូនដល់មន្ទីរពេទ្យ។ ដោយឡែកមន្ត្រីកងរាជអាវុធហត្ថម្នាក់ និងប្រជាពលរដ្ឋ២នាក់រងរបួសធ្ងន់នៅក្នុងហេតុ ការណ៍បាញ់ប្រហារមួយនេះ ។

ក្រោយពេលកើេតហេតុគេបានរាយ ការណ៍ឲ្យដឹងថា ជនរងគ្រោះដែលត្រូវខ្មាន់ កាំភ្លើងបាញ់នៅក្នុងហេតុការណ៍ខាងលើ ទី១-ឈ្មោះ សឹង ហាត ភេទប្រុស ជាមន្រ្តី រដ្ឋបាលព្រៃឈើ បានស្លាប់នៅពេលបញ្ជូន ទៅដល់មន្ទីរពេទ្យខេត្ត ទី២-ឈ្មោះអ៊ុក ណាំ ជាមន្រ្តីកងរាជអាវុធហត្ថខេត្តរងរបួស ធ្ងន់ ទី៣-ឈ្មោះម៉ៅ សារ៉ាត់ ភេទប្រុស ជា ប្រជាពលរដ្ឋ និងទី៤-ឈ្មោះនូ គឹមលន ជាម្ចាស់ស្ថានីយប្រេងសាំងនៅក្បែរស្នាក់ការ។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាកើតហេតុគេបានឮសំឡេងគ្រាប់កំាំភ្លើងបាញ់រះជាច្រើនគ្រាប់ចូលទៅក្នុងស្នាក់ការរបស់មន្រ្តីរដ្ឋ បាលព្រៃឈើម្នាក់ និងមន្ត្រីកងរាជអាវុធហត្ថ ដែលឈរជើងប្រចាំការនៅទីនោះបណ្តាល ឲ្យរងរបួសធ្ងន់មន្រ្តីរដ្ឋបាលព្រៃឈើ និង មន្រ្តីកងរាជអាវុធហត្ថម្នាក់។ ក្រោយពីបាញ់ រះចូលស្នាក់ការរួចខ្មាន់កាំភ្លើងទាំង២នាក់នេះបានដើរចេញមកខាងក្រៅរួចបាញ់ស្រោចពេញផ្លូវ និងបាញ់សំដៅទៅលើ ទីតាំងស្ថានីយលក់ប្រេងឥន្ធនៈក្បែរនោះទៀតបណ្តាលឲ្យរបួសប្រជាពលរដ្ឋម្នាក់ និងម្ចាស់ស្ថានីយលក់ប្រេងម្នាក់។ ក្រោយ ពេលកើតហេតុជនសង្ស័យបានគេចខ្លួន បាត់។ ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ប៉ុន្តែដោយសារមន្រ្តីរដ្ឋបាលព្រៃឈើរង របួសធ្ងន់បានស្លាប់ពេលបញ្ជូនទៅដល់ មន្ទីរពេទ្យ ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យពេលបាញ់រួចមានរថយន្តមួយគ្រឿងរង់ចាំដឹកពួកគេដើម្បីគេចខ្លួនពី កន្លែងកើតហេតុ ។

នៅបន្ទាប់ពីមានហេតុការណ៍នេះលោកឧត្តមសេនីយ៍ ឡុច សុវណ្ណារ៉ា ស្នងការនគរបាលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី២៤ ខែ ឧសភា បានប្រាប់អ្នកសារព័ត៌មានថា ជន សង្ស័យពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ មន្ត្រីរដ្ឋបាលព្រៃឈើក្តុលសែនជ័យត្រូវ បានសមត្ថកិច្ចឃាត់ខ្លួនមនុស្ស៥នាក់យកទៅសួរនាំ។ លោកបន្តថា កម្លាំងកងរាជ អាវុធហត្ថបានឃាត់ខ្លួនមន្ត្រីយោធា៣នាក់ជាមួយនឹងអាវុធអាកា១ដើម រីឯខាងនគរ បាលឃាត់ខ្លួនមនុស្ស២នាក់ក្នុងនោះមានស្ត្រីម្នាក់ដែរ ។

លោកស្នងការបន្តថា “មនុស្សទាំង៥ នាក់នោះខាងសមត្ថកិច្ចកំពុងសួរនាំដោយ ពេលនេះជនសង្ស័យមិនទាន់សារភាព នៅឡើយទេ បន្ទាប់ពីខាងសមត្ថកិច្ចបាន ឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៣ និងព្រឹកថ្ងៃ ទី២៤ ខែឧសភាហើយជនសង្ស័យដែល កម្លាំងកងរាជអាវុធហត្ថ៣នាក់ហៅយក ទៅសួរនាំពួកគេធ្វើការនៅអង្គភាពយោធាកងកាំភ្លើងធំ” ។

លោកស្នងការបន្ថែមថា ក្នុងករណីបាញ់ សម្លាប់មនុស្សបណ្តាលឲ្យស្លាប់ម្នាក់ និង របួស៤នាក់នេះតាមការសន្និដ្ឋានជំហាន ដំបូងគឺជនដៃដល់មានតែម្នាក់ប៉ុណ្ណោះក្នុងចំណោម២នាក់ដែលធ្វើសកម្មភាពបាញ់រះ។

ករណីនេះបើទោះជាសមត្ថកិច្ចនៅមិន ទាន់មានការសន្និដ្ឋានរឿងរ៉ាវយ៉ាងណាក៏ដោយក៏ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង បានលើកឡើងថា ករណីនេះអាចជារឿង គំនុំរវាងអ្នករកសុីទុច្ចរិតដូចជាដឹកអីវ៉ាន់ និងដឹកជញ្ជូនឈើខុសច្បាប់។ ការបាញ់ រះមកចំជនរងគ្រោះម្ចាស់ស្ថានីយប្រេង និងប្រជាពលរដ្ឋរស់នៅក្បែរនោះគឺជន សង្ស័យធ្វើឡើងដើម្បីជាការបំភ័ន្តសមត្ថ កិច្ចតែប៉ុណ្ណោះ ៕ លី ហ៊ាង


ចែករំលែក៖