ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានចោរទើបដឹងថា សត្វខ្លាត្រីដែលលក់តាមផ្លូវនៅស្រុកបាធាយជាឆ្មាស្រុក

ចែករំលែក៖

ភ្នំពេញ៖ អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៦តែងតែប្រទះភ្នែកឃើញគេព្យួររណេងរណោងសត្វម្យ៉ាងដែលអ្នកលក់អះអាងថា ជាសត្វខ្លាត្រី ។ អ្នកធ្វើដំណើរដែលមិនដឹងរឿងភាគច្រើនបាននាំគ្នាទិញខ្លាត្រីនៅទីនោះយកទៅធ្វើម្ហូបក្លែមស្រា ។ ក្រៅពីខ្លាត្រីក៏មានទាទឹកដាក់លក់ស្អេកស្កះ ផងដែរ។ ប៉ុន្តែអ្នកដឹងរឿងគេមិនទិញនោះ ទេ ព្រោះថាវាមិនមែនជាខ្លាត្រី ឬទាទឹកអ្វី នោះឡើយ។ ខ្លាត្រីគឺជាឆ្មាស្រុកដែលគេ យកសម្លាប់ឆ្អើរភ្លើង រីឯទាទឹកគឺជាស្រុក ធម្មតាដែលគេឆ្អើរភ្លើងរោលឲ្យខ្មៅ។

ទីបំផុតអ្វីៗបានបង្ហាញយ៉ាងច្បាស់ បន្ទាប់ពីសមត្ថកិច្ចចាប់បានបុរស២នាក់ ដែលជាអ្នកដើរទាក់ ឬបាញ់ឆ្មាពេលយប់ យកទៅលក់ឲ្យម៉ូយនៅម្តុំថ្នល់កែង ស្រុក បាធាយ ខេត្តកំពង់ចាមនោះ។ ពួកគេបាញ់ ឆ្មា ឬចាប់បានយកទៅលក់ឲ្យម៉ូយនៅថ្នល់ កែង ហើយម៉ូយនោះយកទៅចែកចាយ បន្តឲ្យអ្នកលក់រាយនៅហួសថ្នល់កែងក្នុង ស្រុកបាធាយដោយបន្លំភ្នែកថាជាខ្លាត្រី ឬ ក៏ទាទឹកជាដើម ។

បុរស២នាក់ប្រកបមុខរបរប្លែកពីគេគឺតែងតែដើរទាក់និងបាញ់សត្វឆ្មារបស់អ្នកស្រុកយកទៅលក់បន្លំដោយប្រាប់គេថា ជាសត្វខ្លាត្រីទប៉ុន្តែការប្រព្រឹត្តល្មើសរបស់អ្នកទាំង២គេចមិនផុតពីកណ្តាប់ដៃសមត្ថកិច្ចឡើយ ខណៈដែលពួកគេកំពុងដើរធ្វើ សកម្មភាពក្នុងភូមិសាស្រ្តទឹកដីភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យកាល ពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ ត្រូវបានកម្លាំងល្បាតប៉ុស្តិ៍ជួបប្រទះក៏ចាប់ឃាត់ខ្លួនបាន២នាក់និងសត្វឆ្មា៦ក្បាល ។

ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាន ទី១-ឈ្មោះ ជា រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរដើរទាក់សត្វឆ្មា និងទី ២-ឈ្មោះ ហុង ពៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរដើរទាក់សត្វឆ្មា។ អ្នកទាំង២មាន ទីលំនៅក្នុងភូមិព្រែកតាមាក់ ឃុំព្រៃក តាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្រៅពី ឃាត់ខ្លួនជនសង្ស័យបាននគរបាល ដកហូតបានសត្វឆ្មា៦ក្បាលដែលច្រកក្នុងបាវ និងចម្ពាមកៅស៊ូ១ ។

តាមមន្ត្រីគរបាលបានឲ្យដឹងថា ជន សង្ស័យជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាក លេខសៀមរាប 1B-5926 ជាមធ្យោបាយ ជិះដើរធ្វើសកម្មភាព។ មុនឃាត់ខ្លួនបាន កាលពីវេលាម៉ោងខាងលើ ខណៈដែល កម្លាំងនគរបាលប៉ុស្តិ៍កាកាបជិះម៉ូតូល្បាតក្នុងមូលដ្ឋានដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋស្រាប់តែប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូក្នុងភូមិ តាងួន សង្កាត់កាកាបដើរធ្វើសកម្មភាព បាញ់និងទាក់សត្វឆ្មា ហើយមានបាវមួយ នៅជាប់ម៉ូតូផង។ លុះពេលឃាត់សាកសួរ ទើបដឹងថា ជនសង្ស័យនាំគ្នាដើរបាញ់និងទាក់សត្វឆ្មារបស់ប្រជាពលរដ្ឋតាមភូមិតាមផ្លូវ។ ពេលសមត្ថកិច្ចត្រួតពិនិត្យឃើញមានសត្វឆ្មា៦ក្បាលដែលជនសង្ស័យប្រមាញ់បាន ។

តាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា មុខរបរដើរប្រមាញ់សត្វឆ្មា នេះសម្រាប់ពួកគេគឺធ្វើច្រើនខែមកហើយ ពួកគេដើរស្វែងរកទាក់ បាញ់ក្នុងរាជធានី ភ្នំពេញនាពេលយប់ ហើយក្នុងមួយយប់ អាចចាប់បាន ពី៥ក្បាលទៅជាង១០ក្បាល យកទៅលក់នៅម្តុំស្ពានព្រែកតាមាក់ បើ លក់ទាំងមូលឲ្យម៉ូយបាន១ក្បាលតម្លៃ១ មុឺនរៀល តែបើឆ្អើរកោសរោមឲ្យស្អាត កុហកថាសត្វខ្លាត្រីលក់បាន១ក្បាលតម្លៃ៥មុឺនទៅ៦មុឺនរៀល ។

ជនសង្ស័យបន្តទៀតថា សត្វឆ្មាដែល គេដាក់ព្យួរលក់តាមដងផ្លូវជាតិលេខ៦ ស្រុកបាធាយព្រែកតាមាក់ស្រុកខ្សាច់ កណ្តាលដែលអ្នកលក់អះអាងថា ជាសត្វ ខ្លាត្រីនោះគឺមិនពិតឡើយជាការកុហកបោកប្រាស់ទេតាមពិតជាសត្វឆ្មាស្រុកទេ ។

ក្រោយពីចាប់ឃាត់ខ្លួនជនប្រមាញ់ សត្វឆ្មាពេលរាត្រីបាននាំទៅសាកសួរនៅនគរបាលប៉ុស្តិ៍កាកាប ហើយអប់រំឲ្យបញ្ឈប់ ទង្វើបែបនេះទោះជាមិនគិតពីបុណ្យនិង បាបក៏ត្រូវគិតដល់ជាសត្វស្រុកស្លូតបូត មិនគួរប្រមាញ់សត្វប្រភេទនេះយកទៅធ្វើអាជីវកម្មប្រយោជន៍ផ្ទាល់ខ្លួនឡើយ។ ក្រោយពីអប់រំរួចនគរបាលបានអនុញ្ញាត ឲ្យជនទាំង២វិលត្រឡប់ទៅផ្ទះវិញ ៕ ហេង នរិន្ទ្រ


ចែករំលែក៖