ខេត្តកណ្ដាល៖ សវនាការដែលគ្រោងធ្វើនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ត្រូវបានលើកពេលសវនាការ ករណីក្មេងប្រុសអាយុ១៥ឆ្នាំ ជាប់ចោទបទ”រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ “ ជាប់ឃុំរយៈពេលជាង៧ខែ ទើបទទួលបានការជំនុំជម្រះ ។
អ្នកច្បាប់មួយរូប អះអាងថា មាត្រា២១៣នៃក្រមនីតិវិធីព្រហ្មទណ្ឌ ចែងថា “ ចំពោះអនីតិជនអាយុចាប់ពី១៤ឆ្នាំដល់ក្រោម១៨ឆ្នាំ និង ត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋថិរវេលាឃុំខ្លួនបណ្ដោះអាសន្នមិនអាចលើសពី៤ខែបានទេ កាលណាអនីតិជននេះមានអាយុតិចជាង១៦ឆ្នាំ ។
អនុរក្សពន្ធនាគារខេត្តកណ្ដាល ថ្លែងថា មូលហេតុនៃការលើកពេលសវនាការនេះ ដោយសារចៅក្រមជាប់រវល់ និង មេធាវីការពារជនជាប់ចោទ ក៏រវល់ដែរ ។
ដីកាបង្គាប់ឲ្យនាំជនជាប់ចោទទៅតុលាការ ចុះហត្ថលេខាដោយលោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល និង ជាតំណាងអយ្យការ បង្ហាញថា យុវជនរូបនេះ ជាប់ចោទ បទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ “( រំលោភក្មេងស្រីអាយុ១១ឆ្នាំ ) ប្រព្រឹត្តនៅភូមិអូរស្លាត ឃុំភ្នំបាត ស្រុកពញាឮ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២0១៦ ។
យុវជនរូបនេះ ត្រូវបានបានឃុំខ្លួនដាក់ពន្ធនាគារកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ហើយគិតរហូតមកដល់ថ្ងៃជំនុំជម្រះនេះ គឺ រយៈពេលជាង៧ខែ ៕ ចេស្តា