ព័ត៌មានទាន់ហេតុការណ៍៖

កែវ កល្យាណថាមិនច្បាស់រឿងវិលចូលសិល្បៈវិញ

ចែករំលែក៖

ភ្នំពេញ៖ បាត់មុខអស់ជាជិត២០ឆ្នាំ អតីតតារាសម្តែងស្រីល្បីឈ្មោះក្នុងក្នុងទសវត្សរិ៍ទី៩០ អ្នកស្រីកែវ កល្យាណ ហាក់រស់នៅក្នុងជីវភាពសមរម្ភមួយ។ ជំនួបក្នុងកម្មវិធីអ្នកសិល្បៈកាលពីថ្មីៗនេះអ្នកស្រីថា មិនទាន់ច្បាស់រឿងគម្រោងវិលចូលសិល្បៈជាថ្មីនោះទេ បើទោះបីជាមានការស្នើសុំពីទស្សនិកជន និងការអញ្ជើញពីផលិតករជាច្រើនក្តី។

អ្នកស្រី កែវ កល្យាណ បានបង្ហាញមុខដោយកម្រក្នុងកម្មវិធីអ្នកសិល្បៈ។ អ្នកស្រីបានលេចមុខដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងខួបអាពាហ៍ពិពាហ៍ និងឡើងផ្ទះថ្មីរបស់តារាកំប្លែង កែវ បុទុមកាលពីរាត្រីថ្ងៃទី២៨ខែឧសភា។ ក្រៅពីសម្លៀកបំពាក់បែបសាមញ្ញ និងមិននិយមលេងគ្រឿងអលង្ការស្រោចខ្លួន អ្នកស្រីនៅតែសម្តែងចរិករួសរាយ សុភាពរាបសាដូចគ្រាមុន។ ក្នុងជំនួបដ៏ខ្លីនេះដែរអ្នកស្រីទទួលស្គាល់ថាពិតជាមានទស្សនិកជន និងផលិតករជាច្រើនបានទំនាក់ទំនងនាងឲ្យវិលចូលសិល្បៈជាថ្មី។ តួឯកស្រីក្នុងរឿង”អ្នកស្នងមរតក”រូបនេះបញ្ជាក់ថាអ្នកស្រីពិតជាស្រលាញ់ការងារសិល្បៈខ្លាំងណាស់ ប៉ុន្តែភារកិច្ចចម្បងគឺការមើលការងារខុសត្រូវថែទាំកូនៗ និងមានមុខជំនួញដែលត្រូវទទួលខុសត្រូវ។ ក្រៅពីបដិសេធមិនទាន់ទទួលយកសំណើរថតភាពយន្តជាថ្មីអ្នកស្រីបានសរសើរអំពីទេពកោសល្យ និងសមត្ថភាពសម្តែង និងដឹកនាំរឿងរបស់សិល្បករផលិតករបច្ចុប្បន្នដែលមានការរីកចម្រើនខ្លាំង។

ទស្សនិកជនជាច្រើននិងរំពឹងថានៅពេលណាមូយអ្នកស្រីកែវ កល្យាណអាចនឹងរេចិត្តមកសម្តែងក្នុងវិស័យភាពយន្តខ្មែរយើងនាពេលបច្ចុប្បន្នវិញជាក់ជាមិនខានដើម្បីឆ្លើយតមការនឹករលឹករបស់ទស្សនិកជននិងការពេញចិត្តទេពកោសល្យសម្តែងរបស់តារាល្បីឈ្មោះរូបនេះ។

គួរបញ្ជាក់ដែរថា តារាសម្តែងកែវ កល្យាណ ត្រូវបានប្រជាជនខ្មែរបានស្គាល់ខ្លាំងក្នុងអំឡុងពេលនាងសម្តែងភាពយន្តក្នុងទសវត្សរិ៍ទី៩០ ដែលគ្រានោះមានតារាសម្តែងជាច្រើនរួមជំនាន់នាងនៅបន្តការសម្តែងនៅឡើយ។ តារារួមជំនាន់នាងជាច្រើនមានដូចជា លោក ទេព រិន្ទដារ៉ូ អ្នកស្រី អម្ពរទេវី អ្នកស្រីចាន់ តារាទី អ្នកនាង ចន ច័ន្ទលក្ខិណា អ្នកនាង អ៊ុំ សុវណ្ណី អ្នកនាង ឯក អមរា អ្នកស្រីប៊ុន ឈឿន សូរិយ៉ាន លោក យសបូវណ្ណៈជាដើម៕ វឌ្ឍនា


ចែករំលែក៖