ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត VISTO បុកម៉ូតូដួលបាត់ទូរសព័្ទ២គ្រឿងម្ចាស់ទារសំណង៤០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ: មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយម៉ូតូម៉ាក Address មួយគ្រឿង បត់ពីមុខរថយន្តម៉ាក VISTO មិនបានមើលមុខមើលក្រោយធ្វើឲ្យរថយន្តដែលធ្វើដំណើរស្របទិសគ្នា ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកពីម៉ូតូបណ្តាលឲ្យដួលបោកទៅនឹងថ្នល់ រងរបួសបន្តិចបន្តួចនិងធ្វើឲ្យភាគីម៉ូតូបាត់ទូរស័ព្ទអស់២គ្រឿងមានតម្លៃជាង៤០០ដុល្លារដោយពួកឆ្លៀតឧិកាសលួចយកទៅបាត់ ។

ឧបទ្ទវហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១ និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង ចំណុចផ្លូវបែកជា៤ ស្តុបផ្សារដើមគ ក្នុងសង្កាត់ផ្សារគ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មានពីម្ចាស់រថយន្តម៉ាក VISTO ពណ៌លឿងពាក់ស្លាកលេខ ភ្នំពេញ 2AD-6448 ដោយសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង។ខណ:មកដល់ចំណុចកើតហេតុ ក៏បានបុកគូទម៉ូតូមួយគ្រឿង ម៉ាក Address ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1DB-3437 ជិះដោយបុរសម្នាក់ បណ្ដាលឲ្យដួលបោកទៅនឹងថ្នល់ រងការខូចខាតម៉ូតូបន្តិចបន្តួច។ គាត់ជាម្ចាស់រថយន្តក៏ឈប់ទទួលនូកំហុសរបស់គាត់ ដោយបានសុំទោស ទៅលើជនរងគ្រោះ និងព្រមសងសំណងចំនួន២០ដុល្លារ ព្រោះរថយន្តរបស់គាត់មានបញ្ហាអាគុយហើយគាត់មិនបានបើកភ្លើងទៀត ទើបមើលអត់ឃើញ ក៏មានគ្រោះថ្នាក់បែបនេះតែម្តង តែភាគីរងគ្រោះមិនយល់ព្រមចំពោះសំណង២០ដុល្លារនោះទេព្រោះគាត់ប្រាប់ថាបាត់ទូរស័ព្ទអស់២គ្រឿងមាន តម្លៃជាង៤០០ដុល្លារឯណោះ។

ដោយសារចរចាគ្នាមិនត្រូវ ម៉ូតូនិងរថយន្តខាងលើ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌទួលគោក បានចុះមកវាស់វែងយកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយគ្នាពេលក្រោយ ៕ ប្រាថ្នា


ចែករំលែក៖