ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទំនិញបុកជាមួយរថយន្តស្ទូចរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ឧប្បតិ្តហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឲ្យមនុស្ស៣នាក់បានរងរបួសធ្ងន់ និងស្រាល ដែលបង្កឡើង ដោយរថយន្តពីរគ្រឿបុកគ្នាពេញមួយទំហឹង នៅចំណុចផ្លូវកោងកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៩៣ និង៩៤ ស្ថិតក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរ បានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ានដាយ ពណ៌ស ។

ជនរងគ្រោះ ម្នាក់ឈ្មោះ ជឿន ប៊ុនថាយ អាយុ២៥ឆ្នាំ មានទីលំនៅភូមិអង្គ្រង ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម រងរបួសធ្ងន់ និងម្នាក់ទៀត ឈ្មោះ ណែម សុស៊ីនឿន អាយុ២៧ ឆ្នាំ មានទីលំនៅភូមិមេលំ ឃុំមេលំ ស្រុកបរិបូរណ៌ រងរបួសស្រាល ។ ចំណែករថយន្តភាគគីម្ខាងទៀត ម៉ាក ASIA ពាក់ស្លាកលេខ ភ្នំពេញ ៣B.៣០៨៣ ជាប្រភេទរថយន្តស្ទូច នៅលើរថយន្តដឹកគ្រឿងចក្រ រ៉ូឡូកិនថ្នល់មួយគ្រឿង អ្នកបើកបរថយន្តនេះរងរបួសស្រាល ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិ ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ជាផ្លូវកោងបត់ឆ្វេង ដោយសារតែ រថយន្តមានល្បឿនលឿនពេក បានជ្រុងចង្កូតមកឆ្វេងដៃ បុកជាមួយរថយន្តដឹករ៉ូឡូកិនថ្នល់ យ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តទាំងពីរគ្រឿងខ្ទេចកាប៊ីនមុខទាំងសងខាង និងបណ្តាលឲ្យមនុស្ស ៣នាក់រងរបួសធ្ងន់ និងស្រាល ។

ដោយឡែក ក្រោយពេលកើតហេតុ សមត្ថកិច្ច និងប្រជាពលរដ្ឋ នាំគ្នាជួយគាស់កាប៊ិន មុខរថយន្តហ៊ីយ៉ាន់ដាយ ហើយបានដឹកជនរងគ្រោះទាំង២នាក់ ទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។ ចំពោះ រថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖