ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍ទៅបុកម៉ូតូមួយគ្រឿងទៀតរងរបួសធ្ងន់ខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូឌ្រីមសង់សេ១២៥មួយគ្រឿង បញ្ច្រាសទិសដៅចរាចរណ៍ទៅបុកម៉ូតូវីវ៉ាមួយគ្រឿងទៀត ដែលបើកស្របទិសដៅចរាចរណ៍ និងមានបំណងឆ្លងផ្លូវបណ្ដាលឲ្យរងរបួសខ្លួនឯងសន្លប់ស្ដូកស្ដឹង ត្រូវបានរថយន្ដសង្គ្រោះរបស់ឃ្លីនិចឯកជនដឹកយកទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២២ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវវ៉េងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនគ្រោះមានឈ្មោះ មូន មិត្ត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបុគ្គលិក ដេប៉ូលក់សាំងសូគីមុិច ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមាន ខណ្ឌមានជ័យ រាជធានីភ្នពេញ ជាម្ចាស់ម៉ូតូឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1A-3285 រងរបួសធ្ងន់។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម្ចាស់ម៉ូតូឌ្រីមសង់សេ១២៥ ជិះតាមបណ្ដោយផ្លូវវ៉េងស្រេង ទិសដៅពីកើតទៅលិច (បញ្ច្រាសទិសដៅចរាចរណ៍) ពេលមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកម៉ូតូវីវ៉ាចំពីមុចពេញទំហឹងបណ្ដាលឲ្យរងរបួសសន្លប់ស្ដូកស្ដឹងខ្លួនឯង ចំណែកម្ចាស់ម៉ូតូវីវ៉ារងរបួសស្រាលគេចខ្លួនបាត់ដោយបន្សល់ម៉ូតូទុកនៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាលបានចុះដល់កន្លែងកើតហេតុ និងបានសហការណ៍ជាមួយកំលាំងជំនាញចុះវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕ ភារ៉ា ដង្កោ


ចែករំលែក៖