ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រុសថៅកែគុយទាវយីហោ លីសែ ស្រវឹងបើករថយន្តបុករថយន្តថៅកែក្លឹបកម្សាន្តយីហោ ស្តាយឡាញសង៣.៥០០ដុល្លារមិនឲ្យរំខានសមត្ថកិច្ច

ចែករំលែក៖

 

ខេត្តព្រះសីហនុ៖ រថយន្តសុីអ័រវី ដែលគេដឹងថា បើកបរដោយកូនថៅកែគុយទាវយីហោ លីសែ ទាំងស្រវឹងជោកបានបើកទៅបុករថយន្តឡិចសុីសថៅកែក្លឹបកម្សាន្តខារ៉ាអូខេយីហោ ស្តាយឡាញ បណ្តាលឲ្យបែកផ្នែកខាងមុខស្ទើរទាំងស្រុង។ ប៉ុន្តែករណីនេះមិនបានរំខានដល់សមត្ថកិច្ចអនុវត្តច្បាប់នៃចរាចរណ៍ផ្លូវគោកនោះទេ ដោយអ្នកបង្កឋិតក្នុងស្ថានភាពស្រវឹង និងជាតិអាកុលពេញខ្លួនបញ្ចប់សំណុំរឿងត្រឹមសំណង៣.៥០០ដុល្លារ។

ករណីនេះត្រូវបានកើតឡើងនៅវេលម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចផ្លូវកោង ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ គ្រាដែលអ្នកបើករថយន្តបង្កម៉ាក សីអ័រវី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ក្រ.ព្រះសីហនុ 2A-1142 គ្រាដែលអ្នកបើកបរបង្កខាងលើនេះចេញពីហូបការនៅសណ្ឋាគារសុខា។

នៅកន្លែងកើតហេតុ គេបានសង្កេតឃើញមន្ត្រីនគរបាលចរាចរណ៍ផងដែរ ប៉ុន្តែគេពុំបានរាយការណ៍ឲ្យដឹងពីអត្តសញ្ញាណជនបង្កក្នុងស្ថានភាពស្រវឹងនិយាយមិនដឹងមុខសក្រោយនោះទេ។ យ៉ាងណាប្រជាពលរដ្ឋដែលចោមរោមមើលបានបង្ហើបថា ជនបើកបររថយន្តសីអ័រវីនោះជាកូនប្រុសពៅថៅកែលក់គុយទាវយីហោ លីសែ ដែលមានទីតាំងស្ថិតនៅទល់មុខអតីតមហោស្របចាស់ក្នុងសង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។

នៅក្នុងហេតុការណ៍នេះទោះជាមិនមានអ្នករងរបួស តែរថយន្តជនរងគ្រោះម៉ាកឡិចសុីស ៥៧០ ពាក់ស្លាកលេខ ភ្នំពេញ2v-9055 ដែលមានម្ចាស់ឈ្មោះ ភឿក ជាថៅកែក្លឹបកម្សាន្តខារ៉ាអូខេ យីហោស្តាយឡាញ ដែលមានទីតាំងតាមបណ្តោយវិថីឯករាជ្យ បានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ប្រភពបានបន្តថា ករណីនេះគេបានឃើញសមត្ថកិច្ចអនុវត្តច្បាប់ចរាចរណ៍ចុះទៅគូសវាស និងវាស់វែងផងដែរ ប៉ុន្តែរថយន្តទាំង២គ្រឿមិនត្រូវបានបញ្ជូន និងនាំអ្នកបើកបរបង្កទៅការិយាល័យដើម្បីពិនិត្យជាតិអាល់កុលនោះទេ ផ្ទុយវិញបានទុកឱកាសឲ្យជនបង្កចរចាជាមួយម្ចាស់រថយន្តឡិចសុីសក្នុងតម្លៃថ្លៃថ្នូរជួសជុលរថយន្តដែលរងការខូចខាតទៅវិញ។

ប្រភពបញ្ជាក់ថា ចុងបញ្ចប់ភាគីកូនពៅថៅកែគុយទាវបានបិទសំណុំរឿងបើកបរក្នុងស្ថានភាពស្រវឹងក្នុងសំណងទឹកប្រាក់៣.៥០០ដុល្លារ រួចយករថយន្តទៅផ្ទះរៀងខ្លួន។

ទាក់ទិននឹងព័ត៌មានខាងលើនេះ ប្រជាពលរដ្ឋដែលចោមរោមនៅកន្លែងកើតហេតុបានរិះគន់ទៅដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុថា មិនមានយុត្តិធម៌ផ្នែកផ្លូវច្បាប់ គ្រាដែលគេដឹងថាអ្នកបើកបរស្រវឹងមួយចំនួនត្រូវបានសមត្ថកិច្ចចាត់ការព្រោះតែ អ្នកបើកបរទាំងនោះគ្មានប្រាក់ និងសែស្រឡាយ។ ការធ្វើបែបនេះវាឆ្លុះបញ្ចាំងនូវច្បាប់់ចរាចរណ៍ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអន់ថយ និងគ្មានប្រសិទ្ធភាព។

លោក អុី សុខា ស្នងការរងខេត្តព្រះសីហនុទទួលបន្ទុកចរាចរណ៍មិនអាចសុំការពន្យល់ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ដែលដោះស្រាយក្រៅប្រព័ន្ធច្បាប់ខាងលើនេះបានទេនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ដោយលោកបញ្ជាក់ថាកំពុងជាប់ប្រជុំ៕ ឆ្លាម សមុទ្រ


ចែករំលែក៖