ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកសិស្សសាលាអន្តរជាតិគ័ង គីម២៧នាក់បើកធ្លាក់ផ្លូវក្រឡាប់ចូលស្រែ

ចែករំលែក៖

ខេត្តកណ្តាល៖ រថយន្តមានបិទអក្សរសាលាអន្តរជាតិគ័ង គីម ដឹកសិស្សប្រុស ស្រី ២៧នាក់ បានបើកធ្លាក់ផ្លូវ ហើយក្រឡាប់ចូលស្រែ បណ្តាលឲ្យរងរបួស បង្កការភ្ញាក់ផ្អើលពីសំណាក់អាណាព្យាបាលសិស្ស និងសមត្ថកិច្ច ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១៦និង៤០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលំភូមិលាក់កូប ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

សមត្ថកិច្ចចរាចរណ៍បានឲ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទ ទេសចរណ៍ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2N 2290 អ្នកបើកបរ ឈ្មោះ ហិប ចាន់សីហា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ តៃកុងឡាន ទីលំនៅ ភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកពីទិសខាងជើងទៅទិសខាងត្បូង លុះដល់ចំណុចកើតហេតុខាងលើបានធ្លាក់ខាងកើតផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ទៅខាកើតផ្លូវ រងរបួសស្រាល ឈ្មោះ ស្រីម៉ី ភេទស្រី អាយុ៨ឆ្នាំ ទីលំនៅភូមិកណ្ដោស ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ប្រភពបញ្ជាក់ថា ចំពោះសិស្ស ចំនួន២៧ម្នាក់ ប្រុស៧នាក់ ត្រូវបានបងប្អូនដឹកទៅផ្ទះ អស់ហើយ ដោយពុំមានរងរបួសអ្វីទេ ៕


ចែករំលែក៖