ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ អាមេរិកបញ្ជូននាវាផ្ទុកយន្តហោះទី៣មកកាន់ឧបទ្វីបកូរ៉េ គីម ជុងអ៊ុននៅតែបញ្ជាសាកល្បងមីស៊ីល

ចែករំលែក៖

អាមេរិកទើបតែបញ្ជូននាវាផ្ទុកយន្តហោះធំទី៣ មកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងពេលដែលស្ថានភាពនៅឧបទ្វីបកូរ៉េ កំពុងតែតានតឹងខ្លាំងឡើង ពីមួយថ្ងៃទៅ មួយថ្ងៃ ហើយនៅព្រឹកថ្ងៃទី២៩ខែឧសភា មុននេះ កូរ៉េខាងជើងបានបន្តបាញ់សាកល្បងមីស៊ីល លើកទី៩នៅក្នុងឆ្នាំ២០១៧ នេះ។

សារព័ត៌មាន Asia Times បានផ្សាយថា នាវាផ្ទុកយន្តហោះទី៣ដែលអាមេរិកបញ្ជូនទៅកាន់តំបន់សមុទ្រជិត កូរ៉េខាងជើង គឺ ជានាវា USS Nimitz ដែលជានាវាផ្ទុកយន្តហោះធំបំផុតលើពិភពលោក ដើរដោយ ថាមពលបរមាណូ ។ ការបង្ហាញខ្លួននាវាផ្ទុកយន្តហោះធំមួយនេះក្រោយពេលដែលបានជួសជុលអស់រយៈពេល២៧ខែ។

នាវា USS Nimitz នឹងជំនួសនាវាផ្ទុក យន្តហោះ USS Carl Vinson ឈរជើងនៅតំបន់ភាគខាងលិចអាស៊ីប៉ាស៊ីហ្វិកក្នុងរយៈពេល៦ខែរួមជាមួយនាវាផ្ទុកយន្តហោះ USS Ronald Reagan។

ព័ត៌មានស្តីពីការបញ្ជូននាវាផ្ទុកយន្តហោះទី៣របស់អាមេរិក ទៅកាន់ឧបទ្វីប​កូរ៉េ កើតឡើងក្នុងពេលដែលចិនបង្កើនការគ្រប់គ្រងយ៉ាងតឹងតែងនៅតំបន់សមុទ្រប៉ាស៊ីហ្វិក និងបង្កើនការដាក់គំនាបទៅលើ​រដ្ឋាភិបាលលោកគីម ជុងអ៊ុន ពីកម្មវិធីកាំជ្រួចមីស៊ីលនិងបរមាណូ។

រដ្ឋាភិបាលទីក្រុងប៉េកាំងបាន អំពាវនាវឲ្យមានការចរចាជាមួយកូរ៉េខាងជើង តាមរយៈកិច្ចការបរទេស ដែលមានអង្គការ សហប្រជាជាតិ ជាអាជ្ញាកណ្តាល។ ប្រធា នាធិបតីកូរ៉េខាងត្បូងលោក Moon Jae in ក៏មានបំណង ដោះស្រាយបញ្ចប់វិវាទនោះ ដែរ ។ប៉ុន្តេក្រោយការសាកល្បងមីស៊ីលនៅព្រឹកថ្ងៃទី២៩ខែឧសភា កូរ៉េខាងត្បូង បានព្រមាន ដល់ទីក្រុងព្យុងយ៉ាងថា ការសាកល្បងនោះនឹងធ្វើឲ្យក្តីសង្ឃឹម ស្វែង រកសន្តិភាព នៅឧបទ្វីបកូរ៉េត្រូវបាត់បង់។

ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសូងការពារជាតិអាមេរិកលោក Jim Mattis កាលពីថ្ងៃទី ២៨ខែឧសភា បានប្រកាសថា ប្រសិនបើកិច្ចពិភាក្សាបរាជ័យនោះ សង្គ្រាមពិបាកគេចផុតនៅឧបទ្វីបកូរ៉េខ្លាំងណាស់ ហើយសង្គ្រាមនឹងកាន់តែអាក្រក់ទៅ។

ការអត់ធ្មត់មានកំណត់ ប្រសិនបើកូរ៉េខាងជើងនៅតែមានសកម្មភាព ឌឺដងមិន គោរពច្បាប់អន្តរជាតិនោះ អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងមានសកម្មភាពចាស់ ដៃ ទៅលើកូរ៉េខាងជើង ។

សកម្មភាពដែលអាចរារាំងកូរ៉េខាងជើងបាននាពេលនេះ គឺមានតែសង្គ្រាមវាយ ប្រហារ ទៅលើទីតាំងបរូមាណូនិងមីស៊ីលប៉ុណ្ណោះ ដោយសារតែកូរ៉េខាងជើង មិន​ខ្លាចទណ្ឌកម្ម មិនខ្លាចការគំរាមកំហែង ពី​អាមេរិកឡើយ។

អ្នកបង្កើតអង្គការប្រឹក្សាយុទ្ធសាស្ត្រយោធា Geopolitical Futeres បានព្រមានថា អាមេរិក បានត្រៀមលក្ខណៈវាយប្រហារកូរ៉េខាងជើង បើទោះបីដឹងថាមានលទ្ធផលអាក្រក់ក្តី។

សារព័ត៌មាន Business Insider បាន ផ្សាយថា អ្នកបង្កើតអង្គការប្រឹក្សាយុទ្ធ សាស្ត្រខាងលើ លោក George Friedman បានឲ្យដឹងនៅក្នុងកិច្ចប្រជុំស្តីពីវិនិយោគយុទ្ធសាស្ត្រឆ្នាំ២០១៧ ធ្វើឡើងនៅទីក្រុង Orlando សហរដ្ឋអាមេរិក ថា បន្ទាប់ពីវិលត្រឡប់មកពីបំពេញទស្សនកិច្ចនៅក្រៅ ​​​ ​ប្រទេសលើកដំបូងរបស់ប្រធានាធិបតីត្រាំនាថ្ងៃទី២៧ ខែឧសភា ទីក្រុងវ៉ាស៊ីនតោននឹងមានជម្រើសចុងក្រោយសម្រាប់កូរ៉េខាងជើង ។

តាមការបញ្ជាក់របស់លោក Fried manថា ភាពតានតឹងរវាងអាមេរិកនឹងកូរ៉េខាងជើង ធ្លាក់ចូលក្នុងដំណាក់កាលខ្ពស់ បំផុត ហើយសង្គ្រាមគឺមិនអាចគេចផុត ឡើយ បើទោះបីអាមេរិកដឹងថាត្រូវខាត បង់ជាច្រើនក្តី។

សកម្មភាពរបស់កូរ៉េខាងជើង បាន បង្ហាញយ៉ាងច្បាស់ ថា ប្រទេសនេះមិនបោះបង់កម្មវិធីអាវុធរបស់ខ្លួនឡើយ ទាំង មីស៊ីលនិងកម្មវិធីបរមាណូ បើទោះបីរងការដាក់ទណ្ឌកម្មច្រើនប៉ុនណាក្តី។

នៅពេលនេះទីក្រុងសេអ៊ូលស្ថិតនៅក្នុងគោលដៅនៃការវាយប្រហាររបស់កូរ៉េខាងជើង នៅពេលមានសង្គ្រាមកើតឡើង។ បច្ចុប្បន្នទីក្រុងនេះមានពលរដ្ឋរស់នៅ២៥លាននាក់ មានភូមិសាស្ត្រនៅជិតព្រំដែន កូរ៉េខាងជើង និងរងការវាយប្រហារមុន គេបង្អស់។

លោក Friedman បញ្ជាក់ទៀតថា កូរ៉េខាងជើងមានកាំភ្លើងធំជាច្រើនសំដៅទៅលើទីក្រុងសេអ៊ូល ទាំងនោះហើយបើមានសង្គ្រាមកើតឡើងគឺមិនអាចបញ្ចៀសពីការខាតបង់ទ្រង់ទ្រាយធំ នូវទ្រព្យសម្បត្តិនិងអាយុជីវិតឡើយ។ ដើម្បីទប់ស្កាត់ការវាយប្រហារពីកាំភ្លើងធំ កូរ៉េខាងជើង អាមេរិកមានតែទម្លាក់គ្រាប់បែកយុទ្ធសាស្រ កម្ទេច អាវុធទាំងនោះប៉ុណ្ណោះ។

ការវាយប្រហារកូរ៉េខាងជើង អាចជំរុញឲ្យមានសង្គ្រាមផ្សេងទៀតកើតឡើងនៅ ក្នុងតំបន់ និងនៅលើពិភពលោក ។ ចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទីពីរមកអាមេរិកមិនដែលប្រកាស សង្គ្រាមជាមួយប្រទេសណានោះឡើយ។កូរ៉េខាងជើងគឺជាឧបសគ្គយ៉ាងធំធេង សម្រាប់អាមេរិក ក្នុងរយៈពេល១០ឆ្នាំខាងមុខ ដោយសារ កូរ៉េខាងជើងជាប្រទេសមហាអំណាច បរមាណូ និងមានកាំជ្រួចមីស៊ីលទំនើបៗអាចវាយប្រហារ ដល់ទឹកដីអាមេរិក។ នៅ ពេលនោះ គ្មានប្រទេសណាមួយហ៊ាន ​ ប្រកាសធ្វើសង្គ្រាមជាមួយកូរ៉េខាងជើងឡើយ ។

ក្រុមអ្នកសង្កេតការណ៍ពីស្ថានភាពក្នុងតំបន់អាស៊ីភាគខាងកើត និងឧបទ្វីបកូរ៉េ បានលើកឡើងថា ការចូលមកដល់នៃនាវាផ្ទុកយន្តហោះអាមេរិក ទី១ ទី២និងទី៣ រួមជាមួយ យន្តហោះទម្លាក់គ្រាប់បែកនាវាមុជទឹក បានបង្កក្តីបារម្ភយ៉ាងខ្លាំងមិនមែនតេកូរ៉េខាងជើងឡើយ គឺប្រទេសចិនទៅ វិញទេ ដោយចិនមិនចង់ឲ្យអាមេរិកយក អាវុធទំនើបៗមកដាក់ក្បែរផ្ទះរបស់ខ្លួន ហើយក៏មិនចង់ឲ្យមានសង្គ្រាមនៅជាប់ផ្ទះខ្លួនដែរ ប្រាកដជាចិនត្រូវប៉ះពាល់ខាតបង់ជាច្រើន ៕ ម៉ែវ សាធី


ចែករំលែក៖