ភ្នំពេញ: យុវជនម្នាក់ បានទាញកាំបិតដេញកាប់ឪពុកម្តាយ ព្រមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់ជាច្រើនបង្កឲ្យក្រុមគ្រួសារទទួលរងការភិតភ័យរត់ចែកជើងគ្នារួចទើបសម្រេចចិត្ត ទៅប្តឹងនគរបាលឲ្យទៅចាប់ឲ្យខ្លួនបន្ទាប់ពីគេសង្ស័យថាយុវជនរូបនេះបែកថ្នាំដល់កំពូល លែងដឹងខុសត្រូវ ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង១០នាទីល្ងាចថ្ងៃទី២៩ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅបុរីសុខសាន្ត ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ជនសង្ស័យមានឈ្មោះ ញឹក សុផាន់ណា អាយុ៣៣ឆ្នាំ(នៅលីវ) មុខរបរមិនពិតប្រាកដ រស់នៅផ្ទះកើតហេតុខាងលើនិង មានស្រុកកំណើតភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
ប្រភពពត៌មានពីឪពុកម្តាយរបស់ជនសង្ស័យខាងលើបានឲ្យដឹងថា កូនប្រុសរបស់គាត់ម្នាក់នេះ លែងស្តាប់ដំបូន្មានឪពុកម្តាយបងប្អូនហើយ។ កន្លងមកតែងតែបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាញឹកញាប់ បង្កបញ្ហាក្នុងគ្រួសារមិនចេះចប់ព្រោះតែទៅសេពគប់មិត្តភក្តិមិនល្អ និងទៅសេពគ្រឿងញៀនវង្វេងស្មារតី លែងស្គាល់បងប្អូនឪពុកម្តាយព្រមទាំង បង្កហិង្សាក្នុងគ្រួសារ យកកាំបិតដេញកាប់ពួកគាត់ទៀតផង ។ជាក់ស្តែងនៅវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី២៩ឧសភាឆ្នាំ២០១៧ ដោយសារអំណាចនៃគ្រឿងញៀន ធ្វើឲ្យកូនប្រុសរូបនេះហ៊ានយកកាំបិត ដេញកាប់រូបគាត់បង្កឲ្យការភិតភ័យ រត់ចែកជើងគ្នា ហើយដោយសារ ទ្រាំលែងបានទើបពួកគាត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅឲ្យឃាត់ខ្លួនតែម្តង។
សមត្ថកិច្ចបានឲ្យដឹងថាក្រោយពីឃាត់ខ្លួនយុវជនរូបនេះ សមត្ថកិច្ច បាននាំខ្លួនគេទៅសាកសួរនៅប៉ុស្តិ៍នគបាលចោមចៅ ដើម្បីអប់រំនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ប្រាថ្នា