ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ត្រូវនគរបាលចាប់ខ្លួនបន្ទាប់ពីបើកម៉ូតូបុកបុរសម្នាក់បណ្តាលឲ្យស្លាប់

ចែករំលែក៖

ខេត្តកណ្តាលៈ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលចាប់ខ្លួន ដើម្បីកសាង​សំណុំ​រឿងចាត់ការតាមច្បាប់ បន្ទាប់ពីយុវជនរូបនេះបើកម៉ូតូបុកបុរសចំណាស់ម្នាក់ពេញមួយ​ទំហឹងស្លាប់មួយរំពេច កាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវខេត្តលេខ៣៨០ ស្ថិតក្នុងភូមិឃ្លាំងមឿងត្បូង ឃុំព្រែកអំពិល ស្រុកខ្សាច់​កណ្ដាល ខេត្តកណ្ដាល។

មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា អ្នកបើកបរម៉ូតូដែលត្រូវ​បានចាប់ខ្លួននោះឈ្មោះ ម៉ៅ ម៉ូ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិឃ្លាំងមឿងជើង ឃុំ ព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ជិះម៉ូតូម៉ាកហុងដាស្គុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BE-7903 ។ ចំណែកឯជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះឈ្មោះ វ៉េង ម៉េងឃាង ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញយុវជនខាងលើនេះ​បើកបរម៉ូតូឌុបអ្នករួមដំណើរជាមួយម្នាក់តាមបណ្តោយផ្លូវខេត្តលេខ៣៨០ ក្នុងទិសដៅពីត្បូង​ទៅជើងដោយល្បឿនលឿន ខណៈបើកដល់ចំណុចកើតហេតុម៉ូតូបានរេចង្កូតទៅបុកបុរស​ចំណាស់​ម្នាក់កំពុងដើរលើចិញ្ចើមផ្លូវចំពីក្រោយពេញមួយទំហឹង បណ្តាលឲ្យបុរសចំណាស់​ស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័មតែម្តង ។

បច្ចុប្បន្នម៉ូតូនិងអ្នកបើកបរ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់​កណ្តាល ដើម្បីចាត់ការតាមច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យ​ក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖