ព័ត៌មានទាន់ហេតុការណ៍៖

សម្រុកចូលក្នុងបន្ទប់ខារ៉ាអូខេចាប់ខ្លួនជនសង្ស័យ១៣នាក់ពាក់ព័ន្ធករណីផ្តល់ទីតាំងឲ្យប្រើប្រាស់ និងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្តាលៈ សមត្ថកិច្ចនគរបាលស្រុកមុខកំពូល​សហការជាមួយនគរបាលប៉ុស្តិ៍បានសម្រុកចូល​ទៅក្នុងបន្ទប់ខារ៉ាអូខេតាមផ្ទះមួយកន្លែង បង្រ្កាបចាប់ខ្លួនជនសង្ស័យសរុបចំនួន១៣នាក់ពាក់​ព័ន្ធករណីផ្តល់ទីតាំងឲ្យប្រើប្រាស់ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។ ប្រតិបត្តិការនេះ​ធ្វើ​ឡើង កាលពីវេលាម៉ោង១៤ និង០២នាទី ត្រង់ចំណុចបន្ទប់ខារ៉ាអូខេ ផ្ទះរបស់ឈ្មោះ ឈ្មោះ ជួន គន្ធា ស្ថិតក្នុងភូមិពោធិរលំ ឃុំរកាកោង២ ស្រុកមុខកំពូល ។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យ១៣នាក់ដែលត្រូវបានចាប់ ខ្លួននោះមាន១២នាក់ជាអ្នកប្រើប្រាស់គ្រឿងញៀន និងម្នាក់ទៀតជាម្ចាស់បន្ទប់ខារ៉ាអូខេដែល​ជាប់ពាក់ព័ន្ធទៅនឹងករណីផ្តល់ទីតាំងឲ្យប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។ ក្នុង​ប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំ​ហ្វេតាមីន ហៅម៉ាទឹកកកចំនួន១២កញ្ចប់តូច-២កញ្ចប់ធំ ,ទូរស័ព្ទដៃ០៩គ្រឿង ,ម៉ូតូ០៥គ្រឿង និងសម្ភារៈ​ពាក់ព័ន្ធជាច្រើនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសមត្ថកិច្ចនគរបាលស្រុកមុខកំពូល​ទទួលបានព័ត៌មានច្បាស់ការថា នៅក្នុងបន្ទប់ខារ៉ាអូខេខាងលើនេះមានជនសង្ស័យកំពុងសំ​ងំ​ធ្វើសកម្មភាពសេពគ្រឿងញៀន ។ បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចនគរបាលស្រុក​សហ​ការជាមួយនគរបាលប៉ុស្តិ៍ចុះទៅធ្វើការឡោមព័ទ្ធ រហូតឈានដល់បង្រ្កាបចាប់ខ្លួនជន​សង្ស័យទាំង១៣នាក់ រួមជាមួយវត្ថុតាងពាក់ព័ន្ធ ដើម្បីចាត់ការតាមច្បាប់ ។

បញ្ជាក់បន្ទប់ខារ៉ាអូខេនេះ បើកដោយជនសង្ស័យឈ្មោះ យ៉ុន ចន្ថា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ ជាងផ្សារដែក និងបើកខារ៉ាអូខេ មានទីលំនៅភូមិពោធិរលំ ឃុំរកាកោង២ ស្រុកមុខកំពូល ដែលត្រូវជាប្តីរបស់ឈ្មោះ ជួន គន្ធា ។ ខារ៉ាអូខេនេះបើកឲ្យច្រៀងក្នុងមួយ​ម៉ោងគិតថ្លៃសេវា១០០០០រៀល ៕ ស្អាងជ័យ


ចែករំលែក៖