ខេត្តកណ្តាលៈ យុវជនម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីយុវជនរូបនេះជិះម៉ូតូយ៉ាងលឿនជ្រុលទៅបុកគូថរ៉ឺម៉កកំពុងឈប់ចាក់សាំងពេញមួយទំហឹង កាលពីវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ២១B ស្ថិតក្នុងភូមិថ្មី១ សង្កាត់/ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ក្រោយពីមានហេតុការណ៍កើតឡើងម៉ូតូសណ្តោងរ៉ឺម៉កបានបើកគេចបាត់ស្រមោល ។
មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ីវ សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ។
ប្រភពដដែលបានដកស្រង់សំដីសាក្សីឈ្មោះ មៃ ស៊ីម ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ លក់ដូរ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិព្រែកសំរោង១ សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ថា នៅថ្ងៃទី ២៩/០៥/២០១៧ វេលាម៉ោងប្រមាណ ១០ និង ១០នាទីយប់ ខណៈពេលដែលខ្លួនកំពុងតែអង្គុយលក់ដូរនៅផ្ទះជួលរបស់ជាប់ផ្លូវជាតិលេខ២១ខាងកើតផ្លវ ស្រាប់តែបានឃើញម៉ូតូសណ្តោងរ៉ឺម៉ក៣គ្រឿង បានឈប់បន្តកន្ទុយគ្នានៅលើចិញ្ចើមផ្លូវចំហៀងខាងលិច ក្នុងទិសដៅពីជើងទៅត្បូង ដើម្បីចូលចាក់សាំង ។ សាក្សីបានបន្តថា ពេលកំពុងឈប់នោះរ៉ឺម៉កទី៣ដែលឈប់ក្រោយគេ បានឈប់លានកន្ទុយរ៉ឺម៉កចេញមកលើសាច់ផ្លូវ លុះមួយសន្ទុះក្រោយមកក៏ស្រាប់តែជនរងគ្រោះជិះម៉ូតូជ្រុលទៅបុកគូថរ៉ឺម៉កម៉ូតូពេញមួយទំហឹង បណ្តាលឲ្យដួលស្លាប់ភ្លាមៗមួយរំពេចតែម្តង ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉កទាំង៣គ្រឿងបាននាំគ្នាបើកគេចបាត់អស់ រីឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅប្រគល់ទៅឲ្យក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ