ភ្នំពេញ៖ ក្រុមហ៊ុន អេស ស៊ី ជី ដែលជាក្រុមហ៊ុនឈានមុខគេក្នុងតំបន់អាស៊ាន បានប្រកាសក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ៣០ ឧសភា នេះថា ក្រុមហ៊ុននឹងបន្តរៀបចំកម្មវិធីអាហារូបករណ៍ “អេស ស៊ី ជី ចែករំលែកក្តីស្រម៉ៃ” ក្នុងឆ្នាំនេះចំនួន២៥០កន្លែងជាថ្មីម្តងទៀត។ កម្មវិធីអាហារូបករណ៍នេះ ត្រូវបានក្រុមហ៊ុនអនុវត្តសម្រាប់សិស្សវិទ្យាល័យរដ្ឋថ្នាក់ទី ១០ ១១ និង១២ ជាច្រើនឆ្នាំជាប់គ្នាមកហើយ ។
លោក Somwang Manpimonchai នាយកប្រចាំប្រទេសនៃក្រុមហ៊ុន អេស ស៊ី ជី នៅកម្ពុជា និងជាអគ្គនាយកនៃក្រុមហ៊ុន Kampot Cement Co., Ltd បានថ្លែងថា “នៅឯក្រុមហ៊ុន អេស ស៊ី ជី យើងជឿថា ការអប់រំគឺជាគន្លឹះសម្រាប់កំណើនប្រកបដោយនិរន្តរភាព ជាពិសេសសម្រាប់តំបន់អាស៊ានយើង ។ ចាប់តាំងពីឆ្នាំ២០១៤មក ក្រុមហ៊ុន អេស ស៊ី ជី បានរៀបចំកម្មវិធីអាហារូបករណ៍ “អេស ស៊ី ជី ចែករំលែកក្តីស្រម៉ៃ”ដែលជាកម្មវិធីសកម្មភាពសង្គមមួយរបស់យើង ដើម្បីផ្តល់ឱកាសដល់កុមារនៅកម្ពុជាតាមរយៈការផ្តល់រង្វាន់អាហារូបករណ៍ដើម្បីពួកគេអាចបន្តការសិក្សាឲ្យបានខ្ពស់។ រហូតមកដល់ពេលនេះតាមរយៈកម្មវិធីនេះយើងបានផ្តល់អាហារូបករណ៍សរុប៤៥០រង្វាន់ទៅដល់សិស្សវិទ្យាល័យកម្ពុជា ដែលជាការឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តដើម្បីលើកកម្ពស់គុណភាពជីវិតរស់នៅសម្រាប់សហគមន៍ទាំងអស់ដែលយើងធ្វើប្រតិបត្តិការ។”លោកSomwangបានបន្ថែមទៀតថា “ឆ្នាំនេះយើងបានពង្រីកឱកាសសិក្សាបន្ថែមទៀតដល់សិស្សកម្ពុជាព្រោះអេសស៊ីជីបានបង្កើនចំនួនអាហារូបករណ៍ច្រើនជាងមុន គឺឡើងដល់២៥០រង្វាន់ សម្រាប់សិស្សវិទ្យាល័យដែលលក្ខណៈសម្បត្តិ និងវិន័យល្អក្នុងឆ្នាំសិក្សា២០១៧-២០១៨ នេះ។
លោក យក់ង៉ុយលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបញ្ជាក់ថាក្រសួងគាំទ្រយ៉ាងខ្លាំងក្លា ចំពោះការអនុវត្តកម្មវិធីនេះនៅក្នុងប្រទេសកម្ពុជានិងគាំទ្រចំពោះក្រុមហ៊ុនអេសស៊ីជីដែលបានបន្តលើកកម្ពស់ការអប់រំសម្រាប់សិស្សានុសិស្សកម្ពុជាជាពិសេសតាមរយៈកម្មវិធីអាហារូបករណ៍ “អេស ស៊ី ជី ចែករំលែកក្តីស្រម៉ៃ” នេះ ដែលកន្លងមកបានចូលរួមចំណែកលើកស្ទួយដោយផ្ទាល់នូវជីវភាពសិស្សវិទ្យាល័យខ្សត់ខ្សោយរាប់រយនាក់ និងជះឥទ្ធិពលជាវិជ្ជមានដោយប្រយោលដល់មនុស្សជាច្រើនពាន់នាក់ទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។លោកថា កម្មវិធីអាហារូបករណ៍ “អេស ស៊ី ជី ចែករំលែកក្តីស្រម៉ៃ” នេះ គឺជាកម្មវិធីដែលអនុវត្តបានជោគជ័យបំផុតមួយហើយខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនអេស ស៊ី ជី ចំពោះកិច្ចប្រឹងប្រែងរបស់ពួកគាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
គួរបញ្ជាក់ដែរថានៅក្នុងប្រទេសកម្ពុជាអាហារូបករណ៍អេស ស៊ីជី ចែករំលែកក្តីស្រម៉ៃត្រូវបានប្រគល់ទៅដល់សិស្សវិទ្យាល័យនៅក្នុងរាជធានីភ្នំពេញនិងខេត្តកំពត ដែលជាទីតាំងសំខាន់ៗដែលក្រុមហ៊ុនអេសស៊ីជីមានប្រតិបត្តិការ។ នៅក្នុងសហគមន៍ក្នុងរាជធានី-ខេត្តទាំងពីរនេះកម្មវិធីអាហារូបករណ៍ អេស ស៊ី ជី ចែករំលែកក្តីស្រម៉ៃបានចូលរួមចំណែកដោយផ្ទាល់ក្នុងការលើកកម្ពស់ឱកាសអប់រំសម្រាប់សិស្សកម្ពុជារាប់រយនាក់និងបានបំផុសគំនិតដល់សិស្សជាច្រើនពាន់នាក់ទៀតឲ្យព្យាយាមសម្រេចក្តីសុបិន្តរបស់ពួកគេ។ ដោយផ្អែកលើការស្ទង់មតិជាមួយសិស្សដែលឈ្នះអាហារូបករណ៍ក្នុងឆ្នាំកន្លងមកកម្មវិធីនេះបានជួយឲ្យសិស្សជាច្រើនបន្តការសិក្សាក្នុងថ្នាក់វិទ្យាល័យនិងបានជួយសិស្សមួយចំនួនទៀតបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ ដើម្បីសម្រេចអាជីពក្នុងក្តីសុបិន្តរបស់ពួកគេដូចជា គ្រូបង្រៀន និងវិស្វករ ជាដើម៕ វឌ្ឍនា