ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកបរិក្ខារពេទ្យរបស់ក្រសួងសុខាភិបាលបុកម្តាយ និងកូនស្លាប់ពេលកំពុងជិះម៉ូតូ

ចែករំលែក៖

ខេត្តកំពង់ចាម៖ ម្តាយ និងកូនតូចម្នាក់បានស្លាប់បន្តគ្នានៅក្នុងហេតុ​ការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ផ្លូវបំបែកជាបួន មុខមន្ទីរផែនការខេត្ត ក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម រវាងម៉ូតូម៉ាកហុងដា សេ១២៥ នឹងរថយន្តដឹកបរិក្ខារពេទ្យ តែក្រោយពីកើតហេតុ សមត្ថកិច្ចឃាត់បានរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីដោះស្រាយតាមច្បាប់ ។

មន្ត្រីនគរបាលក្រុងកំពង់ចាមបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបាន ឃើញស្ត្រីឈ្មោះ កាន់ ស្រីហ៊ី អាយុ២១ឆ្នាំ ឌុបកូនប្រុសតូចម្នាក់អាយុ២ឆ្នាំ ក្នុងទិសដៅពីជើងទៅត្បូងតាមផ្លូវក្រោយសាលា ខេត្ត។ ស្របពេលដែលមកដល់ចំណុចផ្លូវបំបែកជា៤ក៏បានបុកជាមួយនឹងរថយន្ត ដឹកបរិក្ខារពេទ្យពាក់ស្លាកលេខ រដ្ឋ12. 3.0020 របស់ក្រសួងសុខាភិបាលបើកបរ ដោយឈ្មោះ ឈុន លី ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិសាមគ្គី៤ សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈរថយន្តបើកពីទិសខាងលិចមកទិសខាងកើត។

មន្ត្រីនគរបាលដដែលបានបន្តថា ក្នុងពេលដែលម៉ូតូបានបុកជាមួយនឹងរថយន្តបណ្តាលឲ្យក្មេងប្រុសតូច បោកក្បាលត្រូវនឹងកង់រថយន្តស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ចំណែកម្តាយត្រូវកង់រថយន្តកិនដាច់សាច់ភ្លៅខាងស្តាំរបួសធ្ងន់ហើយក្រោយពីពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច កម្លាំងនគរបាលចុះទៅដល់ក៏ប្រញាប់ដឹកស្ត្រីរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យរួច ហើយត្រូវបានសាច់ញាតិបញ្ជូនបន្តទៅ សង្គ្រោះនៅប្រទេសវៀតណាមតែត្រូវបានស្លាប់នៅប្រទេសវៀតណាមកាលពី រសៀលថ្ងៃទី៣០ ខែឧសភា ។

មន្ត្រីនគរបាលបញ្ជាក់ថា ក្រោយកើតហេតុម៉ូតូនិងរថយន្តបាននាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីដោះស្រាយតាមច្បាប់ ៕ សហការី


ចែករំលែក៖