ភ្នំពេញ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា គិតត្រឹមល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋដែលរស់នៅអគារប៊ូឌិញ៩៤,៣០ភាគរយហើយដែលបានមកចុះកិច្ចសន្យាទិញ លក់នៅទីស្ដីការក្រសួងដើម្បីលក់អគារ សហកម្មសិទ្ធិរបស់ពួកគាត់ទៅឲ្យក្រុមហ៊ុនជប៉ុនឈ្មោះ Arakawa។
ក្រសួងបានឲ្យដឹងទៀតថា មានប្រជា ពលរដ្ឋចំនួន៤៦៤គ្រួសារស្មើនឹង៩៤,៣០ភាគរយហើយនៃពលរដ្ឋសរុប៤៩៣ គ្រួសារដែលរស់នៅក្នុងបន្ទប់សហកម្ម សិទ្ធិអគារប៊ូឌិញបានមកចុះកិច្ចសន្យាទិញ -លក់ ពោលគឺនៅសល់តែ២៩គ្រួសារ ទៀតប៉ុណ្ណោះ ។
ផ្អែកតាមកិច្ចព្រមព្រៀងក្រុមប្រជាពលរដ្ឋដែលបានចុះកិច្ចសន្យាទិញ-លក់រួច ហើយពួកគាត់នឹងត្រូវបានផ្ដល់សែកឲ្យទៅ បើកលុយពីធនាគារមុនពេលចាកចេញពីបន្ទប់របស់ពួកគាត់នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០១៧ ជាមួយប្រាក់បន្ថែម១០០ដុល្លារ ទៀតដែលក្រុមហ៊ុន Arakawa ផ្ដល់ឲ្យ សម្រាប់ដឹកជញ្ជូនអីវ៉ាន់ ។
ដើម្បីអបអរសាទរចំពោះជ័យជម្នះនេះ កាលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ ពេល ជួបជាមួយក្រុមប្រជាពលរដ្ឋដែលបានមកចុះកិច្ចសន្យាទិញ-លក់លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអះអាងថានឹងទិញនំបញ្ចុកប្រមាណ២តោនដើម្បីធ្វើពិធីជប់លៀងជូនប្រជាពលរដ្ឋនៅអគារ ប៊ូឌិញ ។
បើតាមទេសរដ្ឋមន្ត្រីបានបន្តថា ក្រោយ ពិធីជប់លៀង រាំលេងកម្សាន្តដែលកំណត់ធ្វើនៅថ្ងៃទី១០ ខែមិថុនាខាងមុខក៏នឹងមាន ការរៀបចំពិធីតាមបែបព្រះពុទ្ធសាសនា ផងដែរដើម្បីសុំសេចក្ដីសុខសាន្តទាំងអ្នកចាកចេញទៅនិងអ្នកចូលមកតាំងទីថ្មី។
គួរបញ្ជាក់ថា តាមគម្រោងក្រុមហ៊ុន Arakawa នឹងអភិវឌ្ឍទីតាំងអគារប៊ូឌិញ ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមននេះទៅជាអគារពាណិជ្ជកម្មបែបទំនើបដែលមានកម្ពស់២១ជាន់ដោយ គ្រោងនឹងចំណាយថវិកាប្រមាណ៧០ទៅ៨០លានដុល្លារអាមេរិក ៕ ហេង សូរិយា