ភ្នំពេញ៖ ក្រសួងការងារ ងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តី ថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការទៅលើទណ្ឌិតសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបានចោទប្រកាន់ក្រសួងការងារនិងរាជរដ្ឋាភិបាលថា ហាមឃាត់មិនឲ្យបងប្អូនកម្មករ និយោជិតទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ ខាងមុខនេះ ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការងារនេះបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងបច្ចុប្បន្នកំពុងនិរទេសខ្លួននៅក្រៅប្រទេសបានថ្លែងតាមរយៈវីដេអូឃ្លីបក្នុង ហ្វេសបុ៊កផ្ទាល់ខ្លួនថា ក្រសួងការងារមិន អនុញ្ញាតឲ្យបងប្អូនកម្មករនិយោជិតទៅ ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ។ តែយ៉ាងណាក៏ដោយក្រសួងបានលើក ឡើងថា ការថ្លែងរបស់ទណ្ឌិត សម រង្ស៊ី យ៉ាងដូច្នេះគឺខុសពីការពិត ហើយធ្វើឡើងដើម្បីកេងចំណេញនយោបាយបោកប្រាស់ ប្រជាពលរដ្ឋឲ្យមានការភាន់ច្រឡំតែ ប៉ុណ្ណោះ ។
សេចក្តីថ្លែងការណ៍របស់ក្រសួងដែលបានចេញកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៧បានបន្តទៀតថា តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងច្បាប់ស្តីពីការរៀបចំ និងការ ប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាស្ថាប័នឯករាជ្យ និងអព្យាក្រឹតតែមួយគត់ដែលមានសិទ្ធិ ចាត់ចែងរៀបចំ និងគ្រប់គ្រងការបោះឆ្នោតនៅកម្ពុជា ។
សេចក្តីប្រកាសបានបន្តទៀតថា កាលពី ថ្ងៃទី២៤ ខែឧសភាកន្លងទៅ គ.ជ.ប.បាន ចេញសេចក្តីអំពាវនាវរួចហើយទៅឲ្យម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នៅ កម្ពុជាឲ្យជួយសម្រួល និងបង្កលក្ខណៈ ងាយស្រួលឲ្យកម្មករនិយោជិតបានទៅចូលរួមបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា ខាងមុខ ហើយជាងនេះទៅទៀតគ.ជ.ប.ក៏បានណែនាំដល់គណៈកម្មការរាជធានី-ខេត្តរៀបចំ ការបោះឆ្នោត គណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោតឲ្យបង្កលក្ខណៈងាយស្រួលជូនកម្មករនិយោជិតបានចូលរួមបោះឆ្នោតមុនគេនៅតាមការិយាល័យបោះឆ្នោតនានានៅទូទាំងប្រទេសផងដែរ ។
បើតាមសេចក្តីថ្លែងការណ៍ដដែលបាន លើកឡើងថា ក្រសួងការងាររំលឹកដល់ ទណ្ឌិត សម រង្ស៊ី ដែលជាអ្នកទោសកំពុង រត់គេចខ្លួនពីសំណាញ់ច្បាប់របស់កម្ពុជាថា ទាំងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាំងសមាសភាពនៃថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគឺជាផ្លែផ្កានៃការពិភាក្សាគ្នាយ៉ាងលម្អិតរវាងតំណាងគណបក្សប្រជាជនកម្ពុជានឹងគណបក្សសង្គ្រោះជាតិដែលជាគណបក្សមានអាសនៈនៅ ក្នុងរដ្ឋសភា។ ជាពិសេសច្បាប់នេះត្រូវបាន សាទរ និងទទួលយកដោយសមាជិកសភាគណបក្សទាំង២ ក្នុងនោះក៏មានទណ្ឌិត សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សសង្គ្រោះជាតិនាពេលនោះផងដែរ ។
ជាមួយគ្នានោះក្រសួងការងារបណ្តុះ បណ្តាលវិជ្ជាជីវៈក៏បានចោទជាសំណួរថា ប្រសិនបើទណ្ឌិត សម រង្ស៊ី ពិតជាចង់ឲ្យ កម្មករនិយោជិតត្រឡប់ទៅចុះឈ្មោះ និងបោះឆ្នោតនៅស្រុកកំណើតរបស់ខ្លួនពិតមែន ហេតុអ្វីបានជានៅពេលនោះទណ្ឌិត សម រង្ស៊ី មិនស្នើឲ្យមានការកំណត់ចំនួនថ្ងៃឈប់សម្រាកតែម្តងទៅ?
នៅក្នុងសេចក្តីថ្លែងការណ៍នោះដែរ ក្រសួងការងារក៏បានប្រាប់ដល់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកទាំងអស់កុំធ្វើអ្វីខុសពីការពិត ហើយដើម្បីតែផលប្រយោជន៍បក្សនិងបុគ្គលខ្លួនផ្ទាល់នោះ កាលពីកន្លងទៅ ទណ្ឌិត សម រង្ស៊ី និងបក្សពួកតែងតែយកបងប្អូនកម្មករនិយោជិតធ្វើជាឈ្នាន់នយោបាយ ហើយបានធ្វើការអំពាវនាវដល់ក្រុមហ៊ុនអន្តរជាតិមិនឲ្យទិញនិងវិនិយោគនៅប្រទេសកម្ពុជាផងដែរដែលទង្វើនេះបញ្ជាក់ ឲ្យឃើញថា សម រង្ស៊ី និងបក្ខពួកប្រឆាំងនឹង ផលប្រយោជន៍របស់បងប្អូនកម្មករនិយោជិតនិងប្រទេសជាតិទាំងមូលផងដែរ។ ដូច្នេះក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈមិនអាចអត់ឱនឲ្យបាននោះឡើយ ៕ ប្រាថ្នា