ភ្នំពេញ៖ រថយន្តបង្កម៉ាកHINO ប្រភេទដឹកទូកុងតឺន័រ បានបើកបុករះម៉ូតូនិងរថយន្តពីរគ្រឿងបណ្ដាលរងការខូចខាត បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២១៧ កែងនិងផ្លូវ៣៧១ ជាប់និងស្ពានដែកចំការដូង ស្ថិតក្នុងភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
តាមសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា ពួកគាត់ឃើញរថយន្តបង្កម៉ាកHINO ប្រភេទកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ3A-3177 បើកបរដោយយុវជនម្នាក់ បានធ្វើដំណើតាមបណ្ដោយផ្លូវ២១៧(ផ្លូវចំការដូង)ទិសដៅពីត្បួងមកជើងក្នុងល្បឿនលឿន ដោយរថយន្តបង្កនេះបានបើកបុករថយន្តTRITON ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខភ្នំពេញ 2X-9480 នៅម្ដុំស្ទុបចំការដូង រួចបើករត់មកស្ពានដែក ខណៈពេលនោះ រថយន្តរងគ្រោះ បានបើកដេញមកពីក្រោយយ៉ាងលឿនផងដែរ ធ្វើឲ្យរថយន្តកុងទឺន័របើកលឿងមិនប្រយ័ត្នក៏ទៅបុកម៉ូតូមួយគ្រឿងម៉ាកហង់ដាឌ្រីម សេរី២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគីរី 1A-2987 ដែលជិះដោយបុរសម្នាក់កំពុងធ្វើដំណើរ បណ្ដាលឲ្យចំពីក្រោយម៉ូតូពេញទំហឹងបណ្ដាលឲ្យម្ចាស់ម៉ូតូខ្ទៀតមកចញ្ចើមផ្លូវរងរបួសស្រាល ។ ដោយរថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏បានទៅបុករះរថយន្តមួយគ្រឿងម៉ាក ឡុចសុីស RX330 ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2X-7277 ដែលបើកមកពីផ្លូវ៣៧១ ទិសដៅពីកើតមកលិច ចំពីចហៀងពេញទំហឹងទៀតបណ្ដាលឲ្យរថយន្តឡុចសុីសរងការខូចខាតទ្វាមួយចំហៀងខាងឆ្វេងទាំងស្រ៊ុងតែម្ដង រួមទាំងបុកស្លាកប៉ាណូការ៉ាសាំងតូតាល់គៀបជាប់ទៅមុខលេងរួច សំណាងល្អណាស់ ដែលក្នុងហេតុការណ៍គ្រោះថ្នាក់ចរចារចណ៍ខាងលើនេះគឺមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ។
ក្រោយពេលកើតហេតុភ្លាមៗ យុវជនដែលបើករថយន្តបង្កបានចុះពីលើរថយន្តរត់គេចខ្លួនផងដែរ តែត្រូវបានប្រជាពលរដ្ឋដែលនៅនោះជួយដេញចាប់បានមកវិញភ្លាម ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានជំនាញខាងចរាចរណ៍ បានចុះមកដល់កន្លែងកើតហេតុ ហើយធ្វើការវាស់វែងយករថយន្តបង្កនិងរថយន្តរងគ្រោះរួមទាំងម៉ូតូរងគ្រោះទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលចរចារណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់នៅពេលក្រោយ៕ ភារ៉ា ដង្កោ