ខេត្តកណ្តាលៈ រថយន្តទួរីសបើកបោះពួយយ៉ាងលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងពេញមួយទំហឹង បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់បាត់បង់ជីវិត ២នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង២២ និង៤៥នាទី ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៥២-៥៣ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកលើកដែកបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិត៣នាក់នោះ ទី១-ឈ្មោះ ចក់ ក្រឹម ភេទប្រុស អាយុ១៨ឆ្នាំ (ជាអ្នកបើកបរម៉ូតូ) ទី២-ឈ្មោះ ញឹម សុខរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ទី៣-ឈ្មោះ អឿន ប៊ុនណា ភេទប្រុស អាយុ១៩ឆ្នាំ ។ ម្នាក់ទៀតរងរបួសធ្ងន់ឈ្មោះ ផន ចាន់ថេន ភេទប្រុស អាយុ១៩ឆ្នាំ ។ ជនរងគ្រោះទាំង៤នាក់នេះមានទីលំនៅភូមិបារ៉ាយកើត ឃុំបារ៉ាយ ស្រុកព្រៃវែង ខេត្តព្រៃវែង ជិះម៉ូតូម៉ាកស៊ុយហ្ស៊ូគី ស្មាស់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង1F-8041 ។ ចំណែកឯរថយន្តម៉ាកសាំយ៉ុង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ2A-1741 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ និងមានអ្នករួមដំណើរជាមួយម្នាក់ មិនស្គាល់អត្តសញ្ញាណរងរបួសយ៉ាងធ្ងន់ធ្ងរ ។
ប្រភពដដែលបានបន្តថា រថយន្តនិងម៉ូតូបើកបរច្រាស់ទិសគ្នា ដោយភាគីរថយន្តបើកបរក្នុងទិសដៅពីរាជធានីភ្នំពេញឆ្ពោះទៅអ្នកលឿង លុះបើកដល់ចំណុចចកើតហេតុក៏បុកគ្នាពេញមួយទំហឹង បណ្តាលឲ្យភាគីម៉ូតូមានគ្នា៤នាក់ស្លាប់៣នាក់របួសធ្ងន់ម្នាក់ រីឯភាគីរថយន្តបណ្តាលឲ្យមានអ្នករួមដំណើរម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរផងដែរ ។ ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបានចុះគេចខ្លួនបាត់ស្រមោល រីឯជនរងគ្រោះរងរបួសធ្ងន់២នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ស្រុកលើកដែកបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីអ្នកបើកបររថយន្តទួរីសបើកជែងរថយន្តមួយគ្រឿងទៀតក្នុងស្ថានភាពគ្រោះថ្នាក់ រហូតជ្រុលចង្កូតទៅបុកម៉ូតូជនរងគ្រោះកំពុងជិះច្រាស់ទិសគ្នាពេញមួយទំហឹងតែម្តង ។ បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ