ខេត្តកណ្តាលៈ ផ្តើមចេញពីការឆ្លងចរន្តអគ្គីសនីបង្កជាគ្រោះអគ្គីភ័យឆាបឆេះលំនៅឋានរបស់ប្រជាពលរដ្ឋមួយខ្នងធ្វើអំពីឈើប្រក់ក្បឿង បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា លំនៅឋានដែលត្រូវបានអគ្គីភ័យឆាបឆេះទាំងព្រឹកព្រលឹមនោះមានទំហំ៨ម៉ែត្រគុណ៩ម៉ែត្រ ប្រភេទផ្ទះខ្ពស់ធ្វើអំពីឈើប្រក់ក្បឿង ជាផ្ទះរបស់ឈ្មោះ សុខ រ៉ា ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ ជាមន្ត្រីសាលាក្រុងតាខ្មៅចូលនិវត្តន៍ បច្ចុប្បន្នស្នាក់នៅលំនៅឋានខាងលើនេះ ។ ករណីគ្រោះអគ្គីភ័យនេះដែរបានធ្វើឲ្យខូចខាតលំនៅឋានប្រមាណ៤០ភារយ និងខូចខាតសម្ភារៈប្រើប្រាស់មួយចំនួនរួមមាន៖ ទូរបញ្ឈរចំនួន០១ ,ពូកចំនួន០១ ,កង្ហាចំនួន០២ ,សម្លៀកបំពាក់មួយចំនួនធំ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតផងដែរ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុបុរសជាម្ចាស់ផ្ទះ និងស្ត្រីជាប្រពន្ធបាននៅដេកលេងលើគ្រែក្រោមផ្ទះ ខណៈនោះស្រាប់តែឭសម្លេងផ្ទុះ(ទុស្សេខ្សែភ្លើង)ពេលអើតមើលទៅលើផ្ទះឃើញមានអណ្តាតភ្លើង និងផ្សេង ។ ភ្លាមៗនោះបុរសជាម្ចាស់ផ្ទះបានស្រែកឲ្យអ្នកជិតខាងជួយ ដោយមានអ្នកខ្លះទាយទុយោបាញ់ទឹក និងខ្លះទៀតដួសទឹកជះពន្លត់ភ្លើង រហូតរលត់ជាស្ថាពរ ។ មន្ត្រីនគរបាលក្រុងតាខ្មៅបានបញ្ជាក់ថា ករណីគ្រោះអគ្គីភ័យនេះ បណ្តាលមកពីការឆ្លងចរន្តអគ្គីសនីធ្វើឲ្យទុស្សេខ្សែភ្លើង បង្កជាគ្រោះអគ្គីភ័យយ៉ាងដូច្នេះ ៕ស្អាងជ័យ