ភ្នំពេញ៖ ទីតាំងក្លឹបមីតណាយ តែងតែមានក្រុមក្មេងស្ទាវនាំគ្នាចូលរាំងកំសាន្តផឹកសីុសប្បាយ ហើយពេលដែលចេញមកវិញ ស្រាប់តែបង្កជម្លោះគ្នាដេញកាប់ចាក់គ្នាតាមដងផ្លូវសាធារណៈ ធ្វើឲ្យមានការំខានដល់អ្នកជិតខាងស្ទើរៀងរាល់យប់។
ជាក់ស្តែងនៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ខែមិថុនាឆ្នាំ២០១៧ នៅទីតាំងក្លឹបមីតណាយ ផ្លូវវេងស្រេងសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានករណីក្រុមក្មេងស្ទាវបានដេញកាប់យុវជនមួយក្រុម ខណៈចេញពីរាំលេងកំសាន្ត បណ្តាលឲ្យរបួសធ្ងន់ម្នាក់ ចំណែកបក្ខពួកភ័យពេក ក៏រត់គេចឲ្យតែរួចខ្លួនចោលម៉ូតូ២គ្រឿង។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះហាំអីុ ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកប័ក្ខពួកដទៃទៀត មិនត្រូវបានស្គាល់ឈ្មោះទេ។ ដោយឡែក ម៉ូតូដែលបានបាត់ពេលក្រុមក្មេងទំនើងទាំងនោះដេញកាប់នោះម៉ាក MSX ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ1 FT2938 និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រឹមសង់ ពណ៍ខ្មៅ មិនចាំស្លាកលេខ។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតជនរងគ្រោះមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿងមកចូលរាំលេងនៅទីតាំងក្លឹបខាងលើ ខណៈមកដល់វេលាកើតហេតុ ជនរងគ្រោះក៏ចេញមកក្រៅបំណងទៅផ្ទះ ស្រាប់តែដើរប៉ះនឹងនារីម្នាក់ ដែលជាស្រីស្នេហ៍ក្រុមក្មេងស្ទាវ ដែលកាងនៅទីតាំងខាងលើ ធ្វើឲ្យពួកគេខឹងហើយបានហៅបក្ខពួកចាំវៃក្រុមជនរងគ្រោះ។ សាក្សីដដែលបានបន្តថា ដោយសារតែភ័យខ្លាចទើបជនរងគ្រោះតេហៅបងប្អូនមកជួយ ពេលនោះបងប្អូនជនរងគ្រោះជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើមិនទាន់នឹងឈប់ម៉ូតូស្រួលផង ស្រាប់តែក្រុមក្មេងស្ទាវទាំងនោះដេញកាប់បណ្តាលឲ្យភ័យរត់ចោលម៉ូតូអស់ រីឯឈ្មោះហាំងអីុរត់មិនរួចក៏ត្រូវរបួសស្ទើរសោះខ្លួន។
ក្រោយកើតហេតុ ជនរងគ្រោះក៏រត់ទៅមន្ទីរពេទ្យខ្លួនឯង ចំណែកម៉ូតូ២គ្រឿងរបស់ជនរងគ្រោះបាត់អស់។
គួរបញ្ជាក់ថាទីតាំងខាងលើនេះ តែងតែមានជម្លោះរវាងក្រុមក្មេងស្ទាវ ដែលចូលរាំងលេងផឹកសីុស្ទើរតែរាល់យប់ តែមិនទាន់ឃើញសមត្ថកិច្ចមានវិធានការទប់ស្កាត់អ្វីឡើយ៕ សុខាសែនជ័យ