ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្តតាក់ស៊ីម៉ែត្រ និងរថយន្តឡិចស៊ីសRx570 បណ្ដាលឲ្យរងការខូចខាតទាំងសងខាង ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ស្ថិតតាមបណ្ដោយផ្លូវ៩៩ កែង៤៣៦ ត្រង់ចំណុចផ្លូវបំបែកជាបួន ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តតាក់ស៊ីម៉ែត្រ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 2AM-5992 បើកបរតាមបណ្ដាផ្លូវ៤៣៦ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចផ្លូវកែងបំបែកជាបួន ក៏មានរថយន្តឡិចស៊ីសRx570 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AP-5999 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ៩៩ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ផ្លូវបែកជាបួន កែងផ្លូវ៤៣៦ ក៏មានរថយន្តតាក់ស៊ី ម៉ែត្រមកប៉ះគូទឡុចសុីសពីក្រោយ រងការខូចខាតយ៉ាងដំណំតែម្ដង ។ ភ្លាមៗនោះ ភាគីទាំងពីរនាក់បានចុះ មកសម្រួលគ្នា អស់ពេលយ៉ាងយូរ តែនិយាយគ្នាមិនត្រូវ ដោយប្រកែកយកត្រូវរៀងៗខ្លួន ខាងរថយន្តតាក់សុីម៉ែត្រចង់ទារសំណង១៥០០[ដុល្លារ] តែខាងរថយន្តឡិចសុីសទារវិញចំនួន៥០០០[ដុល្លារ] និយាយទៅ និយាយមកជាងមួយម៉ោងនៅតែមិនត្រូវគ្នា។
ក្រោយពេលកើតហេតុដោយសារតែភាគីទាំង២ចរចារមិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋានក៏ទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែង យករថយន្តទាំង២ទៅរក្សាទុកដើម្បីអូសរថយន្តទាំង២នោះទៅរក្សានៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ ៕ ភារ៉ា ដង្កោ