ព័ត៌មានទាន់ហេតុការណ៍៖

កុំចេះតែហ៊ាន! ជំនាញខាងបិទគូទឆក់កាបូប ចុងក្រោយត្រូវសមត្ថកិច្ចវ៉ៃខ្នោះ ទើបហូរទឹកភ្នែកដឹងខ្លួនខុស

ចែករំលែក៖

 

ស្ត្រីរងគ្រោះម្ចាស់របស់

ភ្នំពេញ ៖ យុវជនម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី១ ឃាត់ខ្លួនបានជាក់ស្តែង បន្ទាប់ពីរូបគេ និងបក្ខពួកជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបក្រវ៉ាត់ចង្កេះ ពីស្រ្តីម្នាក់ បានសម្រេចហើយព្យាយាមរត់គេចខ្លួន តែត្រូវកម្លាំងល្បាតនៅក្បែរនោះចេញអន្តរគមន៍ ដេញតាមចាប់ក្របួចបានម្នាក់ជំនាញខាងបិទគូថពីក្រោយ ចំណែកឯបក្ខពួក២នាក់ទៀត រត់គេចខ្លួនបាត់ រួមទាំងសម្ភារជនរងគ្រោះទៅជាមួយផងដែរ ។

ករណីឆក់កាបូបខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ១២និង ៤០នាទី ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះលេខ ១ ផ្លូវ២៨៩ ក្រុម ទី៧៩ ភូមិ១៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ចេង គីមឆេង ហៅ ជាំ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៨០ ផ្លូវ៥៩៨ សង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជាក់ស្ដែងពីបទ លួច ( ឆក់កាបូបក្រវ៉ាត់ចង្កេះ )។ វត្ថុតាងចាប់យកពីជនសង្ស័យមាន៖ ម៉ូតូមួយគ្រឿងម៉ាក Honda C125 សេរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BC-1213 ដែលមានលេខតួ និងលេខម៉ាសុីន (ជារបស់ជនសង្ស័យ) ។

ជនរងគ្រោះឈ្មោះ ស៊ុក សុីណេត ភេទស្រី អាយុ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះលេខ ១៨A ផ្លូវ៣៤៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ រីឯសំភារៈបាត់បង់មាន៖ កាបូបក្រវ៉ាត់ចង្កេះខោប៊យមួយ ក្នុងនោះមាន ប្រាក់ដុល្លារចំនួន៧០០$ (ប្រាំពីររយដុល្លារសហរដ្ឋអាមេរិក ) , ក្រវឹលប្លាទីន០១គូ , ចិញ្ជៀនប្លាទីន០១វង់ ទូរស័ព្ទម៉ាក Samsung ពណ៌សពុំចាំសេរីចំនួន០២គ្រឿង , និងឯកសារមួយចំនួន ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋានប៉ុស្ថិ៍បឹងកក់ទី២ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក Honda Scoopy ពណ៌ស លាយផ្កាឈូក តែម្នាក់ឯងចេញពីផ្ទះក្នុងគោលបំណងទៅចាក់សាំង ដោយជិះតាមបណ្ដោយផ្លូវ២៨៩ លុះពេលជិះមកដល់មុខផ្ទះលេខ១ ស្រាប់តែមានជនសង្ស័យឈ្មោះ ចេង គីមឆេង ហៅជាំ និងបក្ខពួកចំនួន០២នាក់ទៀត ដោយជនសង្ស័យឈ្មោះ ចេង គីមចេង ជាអ្នកជិះម៉ូតូបិទគូទ ចំណែកជនសង្ស័យជាបក្ខពួក០២នាក់ដែលជិះម៉ូតូម៉ាកនិចពណ៌អត់ពាក់ស្លាកលេខ ជាធ្វើសកម្មភាពឆក់កាបូបក្រវ៉ាត់ចង្កេះដែកជនរងគ្រោះក្រវ៉ាត់ នៅជាប់ចង្កេះពេលធ្វើសកម្មភាព បានសម្រេចជនសង្ស័យទាំង០៣នាក់ក៏ជិះម៉ូតូគេចខ្លួន ភ្លាមនោះជនរងគ្រោះបានជិះដេញតាមពីក្រោយរហូតមកដល់ចំណុចផ្លូវ៣៣៥ កែង៥៦៦ ក្នុងសង្កាត់បឹងកក់ទី២ ក៏ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ ទី២ ធ្វើការអន្តរាគមន៍បាន០១ឈ្មោះ ចេង គីមឆេង ឃាត់ខ្លួនតែម្ដង ចំណែកបក្ខពួកពីរ នាក់បានយកកាបូបក្រវ៉ាត់ចង្កេះជិះគេចខ្លួន បាត់ ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ចេង គីមឆេង ហៅជាំ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕ ស តារា


ចែករំលែក៖