ព័ត៌មានទាន់ហេតុការណ៍៖

ចូលច្រៀងខារ៉ាអូខេ ដាក់ជ្រុលខ្វះលុយឲ្យគេដាក់បញ្ចាំម៉ូតូពេលទៅលស់វិញ ថៅកែលក់បាត់ហើយ

ចែករំលែក៖

ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីបុរសម្នាក់ចូលច្រៀងខារ៉ាអូខេ ហើយបានខ្វះលុយ១១១ដុល្លារ សម្រេចចិត្តដាក់បញ្ចាំម៉ូតូរបស់ខ្លួនឲ្យទៅថៅកែហាង អស់រយ:ពេល១៣ថ្ងៃក្រោយ ពេលទៅលស់យកម៉ូតូខ្លួនវិញ ត្រូវបានថៅកែហាង យកម៉ូតូរបស់ខ្លួនទៅលក់បាត់ បង្កឲ្យឆោឡោ ប្តឹងប៉ូលិសចុះទៅអន្តរាគមន៍។

ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅហាង វិចិត្រ ថ្មី KTV តាមបណ្តោយផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម្ចាស់ម៉ូតូខាងលើឈ្មោះ មាស តុលា អាយុ២២ឆ្នាំ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ កន្លងមក ខ្លួនរួមជាមួយមិត្តភក្តិចូលផឹកស៊ី ច្រៀងខារ៉ាអូខេ ដល់គិតលុយទៅខ្វះចំនួន១១១ដុល្លារ ជនរងគ្រោះគ្មានលុយក៏សម្រេចចិត្តដាក់បញ្ចាំម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CE-0387 ទៅឲ្យថៅកែហាង ព្រមព្រៀងគ្នាពេលមកលស់វិញត្រូវសង១៥០ដុល្លារ។

ប្រភពដដែលបានបន្តទៀតថា អស់រយ:ពេល១៣ថ្ងៃ រហូតមកដល់រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧នេះ ខ្លួនបានកាន់លុយ និងឯកសារពាក់ព័ន្ធមកលស់យកម៉ូតូវិញ ស្រាប់តែម្ចាស់ហាងឆ្លើយថាហួសពេលហើយអូន ម៉ូតូយកទៅលក់ចោលបាត់ហើយ ទើបកើតជារឿងតឹងមាត់តឹងកដាក់គ្នា ទ្រាំមិនបាន រត់ទៅប្តឹងនគរបាលជំនាញខណ្ឌឲ្យទៅអន្តរាគមន៍ សួរនាំ ទើបថៅកែហាង ឆ្លើយថា ចង់បានម៉ូតូវិញទាល់តែឲ្យ៤០០ដុល្លារទើបបាន សម្តីបែបនេះហាក់បីដូចជា ថៅកែចិត្តចោរ ម្ចាស់ម៉ូតូនៅតែមិនសុខចិត្ត ត្បិតស្តាប់ទៅដូចជាមិនប្រក្រតី មានតែប្តឹងដោះស្រាយតាមផ្លូវច្បាប់ ទើបថៅកែហាង សុខចិត្តទទួលយកលុយចំនួន១៥០ដុល្លារ តាមការសន្យារួចអូសម៉ូតូចេញពីក្នុងផ្ទះប្រគល់ជូនម្ចាស់ដើមវិញជាការបញ្ចប់រឿង៕ សុខាសែនជ័យ


ចែករំលែក៖