ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសម្នាក់អណ្តែតក្នុងស្រះទឹកវត្តតាំងកសាងខាងជើងផ្អើលទាំងព្រឹក

ចែករំលែក៖

 

ភ្នំពេញ៖​ ប្រជាពលរដ្ឋនាំគ្នាផ្អើលមកចោមរោមមើល ខណៈប្រទះឃើញសពបុរសម្នាក់អណ្តែតនៅក្នុងស្រះទឹកវត្តតាំងកសាងខាងជើង ដែលមានសភាពហើមស្អុយរលួយ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១២ព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចស្រះឈូកវត្តតាំងកសាងខាងជើង ស្ថិតក្នុងភូមិចំការឪឡឹក២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពរងគ្រោះឈ្មោះ លីម ទូច ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរនៅផ្ទះ និងដើរបេះផ្កាឈូក និងក្រអៅឈូក ស្នាក់នៅភូមិព្រៃសាលា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានប្រពន្ធឈ្មោះ ពេជ្រ ឈឿន អាយុ៤៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រផ្នែកអនាម័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុ មានប្រជាពលរដ្ធទៅងូតទឹកនៅស្រះក្នុងវត្តតាំងកសាងខាងជើង ដែលស្រះបុរសលង់ទឹក និងស្រះសំរាប់គេងូតទឹកនៅក្បែរគ្នា ហើយក៏គេបានធំក្លិនស្អុយដើររកមើល ស្រាប់តែឃើញសាកសពផ្កាប់មុខ អណ្តែតមានសភាពហើមស្អុយទៅហើយ ។

ក្រោយមកក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍កាកាប ក្រោយពីទទួលបានព័ត៍មាននេះភ្លាម សមត្ថកិច្ចក៏បានចុះទៅពិនិត្យជាមួយផ្នែកជំនាញជាក់ស្តែង។

បើតាមសម្តីប្រពន្ធជនរងគ្រោះបានឲ្យដឹងថា​ ប្តីរបស់គាត់បានបាត់ខ្លួនតាំងពីថ្ងៃទី៦​ ខែមិថុនា វេលាម៉ោង៧យប់​ ហើយគាត់ក៏បានដើរកគ្រប់ទីកន្លែង តែមិនឃើញរហូតមកដល់ពេលនេះទើបគេប្រទះឃើញស្លាប់បាត់ទៅហើយ។

បច្ចុប្បន្នសមត្ថកិច្ចសហកាជាមួយជំនាញកោសល្យវិច័យរាជធានីស្រង់សពមកលើគោកដើម្បីត្រួតពិនិត្យធ្វើកោសល្យវិច័យទៅតាមជំនាញ រួចប្រគល់សពឲ្យក្រុុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខាសែនជ័យ


ចែករំលែក៖