ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ​រិះគន់​ ទៅលើ​សាខា​អគ្គីសនី​ខេត្តស្វាយរៀង​ ខណៈមាន​ខ្សែភ្លើង​រត់​កាត់​លើដំបូល​ផ្ទះ​ តែ​មិនអាច​ប្រើ​ភ្លើង​បាន

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​បានធ្វើ​ការរិះគន់​ ទៅលើ​សាខា​អគ្គីសនី​ខេត្តស្វាយរៀង​ ខណៈមាន​ខ្សែភ្លើង​រត់​កាត់​លើដំបូល​ផ្ទះ​រាប់​ឆ្នាំ​មកហើយ តែ​មិនមាន​លទ្ធភាព​ប្រើ​ភ្លើង​បាន​ដោយ​អគ្គីសនី​មិនបាន​ភ្ជាប់​សេ​វ៉ា​ភ្លើង​ ដាក់អោយ​ប្រើប្រាស់​ដល់​ពួកគាត់។

យោងតាម​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សំដី ឃុំ​ធ្លក ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​ បានអោយដឹងថា​ប្រជាពលរដ្ឋរាប់រយ​គ្រួសារ​ ខ​ណៈដែលមាន​ខ្សែភ្លើង​រត់​កាត់​លើដំបូល​ផ្ទះ ផ្ទះ​ខ្លះ​បង្គោល​ភ្លើង​ស្ទើ​តែ​ដាក់​លើដំបូល​ផ្ទះ ក៍​ប៉ុន្តែ​បែរជា​មិនមាន​ភ្លើង​ប្រើប្រាស់​ដល់​ពួកគាត់ ព្រោះ​បង្គោល​ភ្លើងនិង​ខ្សែភ្លើង បានដាក់​ពង្រាយ​កាត់​លើដំបូល​ផ្ទះ ហើយ​បានឮ​ដំណឹង​ថានឹងមាន​ភ្លើង​ប្រើឆាប់ៗ ធ្វើអោយ​គាត់​ក៏ដូច​ជា​​អ្នកភូមិ​មានចិត្ត​សប្បាយរីករាយ​យ៉ាងខ្លាំង ​ប៉ុន្តែ​ចាំបាត់ៗរហូត​ជិត២ឆ្នាំ​មកហើយ​ អ្នកភូមិ​នៅតែ​មិនមាន​ភ្លើងអគ្គិសនី​ប្រើប្រាស់ ដដែល​បានត្រឹមតែ​អង្គុយ​អស់សង្ឃឹម។

ប្រភព​បន្តថា​ ក្រោយពេល​ចាំ​បាត់​ទើប​អ្នកភូមិ​ខ្លះ បានសម្រេច​ទិញ​បន្ទះ​សឡាជំនួស​វិញ ​ដើម្បីអោយ​មាន​ភ្លើង​បំភ្លឺ​ផ្ទះ​ និង​ធ្វើ​ការងារផ្សេងៗដល់​គ្រួសារ​របស់គាត់។ ហើយ​មិន​ត្រឹមតែ​ភូមិ​របស់គាត់​ទេ ដែល​អត់​មាន​ភ្លើងអគ្គិសនីប្រើប្រាស់ គឺមាន​ភូមិ​មួយចំនួន​ក្នុង​ឃុំ​ពោធិ​រាជ ស្រុក​ស្វាយជ្រុំ ផងដែរ។ ពាក់​ព​ន្ធ័​និង​ករណី​ខាងលើ​នេះដែរ​ អ្នក​សារ​ព័​ត៏​មាន​យើង ​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ​សេង ​ប៉ុណ្ណា​ត ​ប្រធាន​សាខា​អគ្គីសនី​ខេត្តស្វាយរៀង​បានទេ ​ព្រោះ​មិនអាច​ទំនាក់ទំនង​បាន នៅ​រសៀលនេះ៕ យឹម សុថាន


ចែករំលែក៖