ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់រងរបួសធ្ងន់ ពេលជិះម៉ូតូឌុបគ្នាទៅបុករថយន្តកាមរីឆ្លាមកំពុងបត់ឆ្លងផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយការខ្វះការប្រុងប្រយ័ត្នទាំងសងខាង ដែលបុរស២នាក់ជិះម៉ូតូឌុបគ្នា ទៅបុករថយន្តបត់ឆ្លងផ្លូវលឿនមិនបានប្រុងប្រយ័ត្នដូចគ្នាបុកចំពីចហៀងមុខពេញទំហឹង បណ្ដាលអោយរងរបួសធ្ងន់ទាំង២នាក់តែម្ដង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីយប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ២៧១ កែងនឹងផ្លូវលេខ៤៨០ ស្ថិតក្នុងសង្កាត់ទួលទំពួង២ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកាមរីឆ្លាមពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2H.7057 បើកបរដោយបុរសម្នាក់ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ រថយន្តបានបត់ឆ្លងផ្លូវទៅផ្លូវលេខ៤៨០ ដែលខ្វះការប្រុងប្រយ័ត្ន (បត់លឿនមិនមើលឆ្វេងស្ដាំ) ពេលបត់មិនទាន់ផុតផង ក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1CF.1192 ជិះដោយបុរស២នាក់ឌុបគ្នាទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់កន្លែងកើតហេតុ ជាន់ហ្វ្រាំងមិនទាន់បានជ្រុលទៅបុកពីចំហៀងខាងមុខរថយន្តយ៉ាងពេញទំហឹងតែម្ដង បណ្ដាលអោយបុរស២នាក់ម្ចាស់ម៉ូតូរងរបួសធ្ងន់ ហើយភ្លាមៗត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យរុស្សី​។ រីឯរថយន្ត និងម៉ូតូរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការខណ្ឌចំការមនរង់ចាំដោយស្រាយនៅពេលក្រោយ៕ ភារ៉ា ដង្កោ


ចែករំលែក៖