ភ្នំពេញ៖ អណ្តាតភ្លើងឆេះយ៉ាងសន្ធោរសន្ធៅ នៅជាប់របងដីឡូត៍មួយកន្លែង បានធ្វើឲ្យប្រជាពលរដ្ឋ និងសមត្ថកិច្ចផ្អើលឆោឡោ ហៅរថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវបេតុង ចូលទៅវត្តនាគវ័ន្ត ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលដែលមានអណ្តាតភ្លើងឆេះយ៉ាងសន្ធោរសន្ធៅបែបនេះ គឺដំបូងគេឃើញមានតែរងើកភ្លើងបន្តិចបន្តួចប៉ុណ្ណោះ តែដោយសារតែមានខ្យល់បក់ទើបរងើកភ្លើងទាំងនោះក្លាយទៅជាអណ្តាតភ្លើងយ៉ាងឆាប់រហ័សឆេះយ៉ាងសន្ធោរសន្ធៅ ។ នៅក្នុងភ្នក់ភ្លើងនោះដែរ គេឃើញមានកម្ទេចកម្ទីសំរាម និងសំបកកង់រថយន្តធំៗជាច្រើន ។
បើតាមសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា បើតាមការសន្និដ្ឋានជាបឋម គឺអគ្គីភ័យនេះប្រហែលជាមានគេដុតរួចដើរចេញ ព្រោះទីតាំងនោះមិនមានរបស់អ្វីដែលអាចឆាបឆេះដោយគ្មានភ្លើងនោះទេ ហើយរបស់ដែលឆាបឆេះនោះ គឺវាក្រាសៗណាស់ ទាល់តែមានគេដុតបានវាឆេះ ដូចជាសំបកកង់រថយន្តជាច្រើន ។ តែទោះជាយ៉ាងណាក៏ដោយ អគ្គីភ័យនេះមិនបណ្តាលឲ្យឆាបឆេះដល់ផ្ទះប្រជាពលរដ្ឋទេ ។
អគ្គីភ័យខាងលើនេះ ប្រើប្រាស់ទឹកអស់ចំនួនមួយរថយន្ត និងបានរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រ ថ្ងៃខែឆ្នាំដដែល ៕ សុខាសែនជ័យ