ភ្នំពេញ៖ ជនសង្សយម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ច ខណៈរូបគេបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីម្នាក់ពុំបានសម្រេច បណ្តាលឲ្យដួលរងរបួសស្រាល ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតបានជិះរត់គេចខ្លនបាត់។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៧ នៅផ្លូវ១៩៨៦ កែងនឹងផ្លូវ១០០៧ ក្រុម៩ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ វី ដេវីដ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ទី៩ ស្នាក់នៅភូមិគង្គាផុស សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។
ស្ត្រីរងគ្រោះមានឈ្មោះ ឡុង វ៉ាន់នី អាយុ៣២ឆ្នាំមុខរបរបុគ្គលឹកក្រុមហ៊ុនឯកជន ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពពីស្ត្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូ១គ្រឿង ម៉ាកគុបជ្រុងពណ៌ទឹកបុិចពាក់ស្លាកលេខភ្នំពេញ1J.0176ក្នុងទិសដៅពីលិចទៅកើតតែម្នាក់ឯងដោយមានស្ពាយកាបូបពណ៌ខ្មៅពីខាងមុខលុះមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GD.7227 មកពីក្រោយហើយបានធ្វើសកម្មភាពឆក់កាបូប ពីនាងបណ្តាលឲ្យដួលម៉ូតូទាំង២គ្រឿង ហើយប្រជាពលរដ្ឋនៅក្បែរនោះជួយចាប់បានជនសង្ស័យម្នាក់នេះតែម្តង ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់។
តាមការបញ្ជាក់ពីស្ត្រីរងគ្រោះបន្តទៀតថានៅក្នុងកាបូបរបស់គាត់មានលុយខ្មែរ៣មុឺនរៀល លុយដុល្លា៨០ដុល្លា ទូរស័ព្ទដៃចំនួន២គ្រឿង និងឯកសារសំខាន់ៗមួយចំនួនទៀត។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា បក្ខពួករបស់គេមានគ្នា៣នាក់ម៉ូតូ២គ្រឿង១គ្រឿងម៉ាកហុងដាសេ១២៥ និង១គ្រឿងទៀតម៉ាកស៊ុយសុីគីនិច ពណ៌ខ្មៅ ជាអ្នកបិតគួទហើយក្រោយពីធ្វើសកម្មភាពឆក់ មិនបានសម្រេចម៉ូតូគេបានដួលហើយបក្ខពួកគេបានរត់ឡើងជិះម៉ូតូគ្នាគេជិះគេចខ្លួន។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ តុង សីហា