ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាស៊ីនបូមខ្សាច់អង្រួនផ្ទះប្រជាពលរដ្ឋស្រុកស្អាងខេត្តកណ្តាលទាំងយប់ទាំងថ្ងៃ

ចែករំលែក៖

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋជាច្រើន គ្រួសាររស់នៅតាមបណ្តោយដងទន្លេ បាសាក់ ក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុក ស្អាង ខេត្តកណ្តាល កំពុងរស់នៅទាំងភ័យ ខ្លាច ដោយសារអំណាចនៃការញ័រពីម៉ាស៊ីនបូមខ្សាច់កន្ត្រាក់ទុយយោក្រោមផ្លូវ និង កម្លាំងច្រានទឹកពីស្លាបចក្រសាឡង់បូម ខ្សាច់ អង្រួនផ្ទះសម្បែងរបស់ប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ខ្លះបាក់បែកប្រេះស្រាំ សម្រាន្តក៏មិនបាន ពោលគឺការរស់នៅ​របស់ពួកគាត់ គ្មានផាសុកភាពឡើយ ។

លោក វ៉ាន់ធា ប្រជាពលរដ្ឋរស់នៅក្នុង ភូមិកោះគររស់នៅក្បែរសាឡង់បូមខ្សាច់ បាននិយាយថា សាឡង់បូមខ្សាច់នៅចំណុចខាងក្រោយផ្ទះពួកគាត់ប្រហែលជាជាង២០ម៉ែត្រ ទៅ៣០ម៉ែត្រ ប៉ុណ្ណោះ នៅពេល គេបញ្ឆេះម៉ាស៊ីនរោទ៍បូមខ្សាច់ចេញពីសាឡង់នោះ ផ្ទះគាត់ទាំងមូលញ័ររញ្ជួយគ្រប់រត ទាំងអស់សម្រាន្តមិនលក់ធ្វើឲ្យសុខភាពគាត់ចុះខ្សោយបន្តិចម្តងៗ អាចនឹងធ្លាក់ខ្លួនឈឺដោយសារសំឡេងរំខានពីសាឡង់បូមខ្សាច់នេះ ។

អ្នកស្រី ម៉ៅ ប្រជាពលរដ្ឋរស់នៅ ចំណុច សាឡង់បូមខ្សាច់នោះដែរបាននិយាយថា ផ្ទះគាត់កំពុងតែប្រះជាច្រើនកន្លែង ចាប់តាំង ទ្វារមុខ រហូតដល់ទ្វារក្រោយ ។ ដូច្នេះផ្ទះ គាត់អាចបាក់ស្រុតចូលក្នុងទន្លេនៅថ្ងៃណាមួយមិនខានហើយបញ្ហានេះគាត់ មិនបានចោទទៅលើសាឡង់បូមខ្សាច់នោះទេ ប៉ុន្តែចាប់តាំងពីមានសាឡង់បូម ខ្សាច់មកឈរបូមនៅចំណុចខាងក្រោយផ្ទះគាត់មកក៏កើតការបាក់ច្រាំងយ៉ាងគំហុក និងមានការប្រេះផ្ទះសម្បែងបែបនេះ ។ គាត់ សំណូមពរដល់អាជ្ញាធរ ឬក្រសួងពាក់ព័ន្ធ គួរមានចំណាត់ការឲ្យបានតឹងរឹុងទៅលើ ក្រុមហ៊ុនកំពុងធ្វើសកម្មភាពនេះឲ្យមានគម្លាតត្រឹមត្រូវទៅតាមច្បាប់ ។

ប្រជាពលរដ្ឋបានលើកគ្នា ទៅចំណុច សាឡង់បូមខ្សាច់ កាលពីព្រឹកថ្ងៃទី៩ ខែ មិថុនា ឆ្នាំ២០១៧ដោយបាននិយាយថា ពួកគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងពី សុវត្ថិភាពផ្ទះសម្បែងពួកគាត់ និងផ្លូវកៅស៊ូស្របតាមដងទន្លេផងដែរ ព្រោះក្រុម ហ៊ុនបូមខ្សាច់ជីករូង និងចោះផ្លូវដាក់ ទុយយោបូមខ្សាច់ ធ្វើឲ្យផ្លូវប្រឈមនឹងស្រុត ឬបាក់ច្រាំងចំណុចជីករូងទៅដល់ផ្លូវជា មិនខានដោយសាររំញ័រទុយយោនោះ ម្យ៉ាង វិញទៀតសាឡង់បូមខ្សាច់ចតនៅក្បែរផ្ទះពួកគាត់បែបនេះធ្វើឲ្យពួកគាត់ពិបាករស់នៅសម្រាន្តមិនបាន ដោយសំឡេងម៉ាស៊ីនបូមខ្សាច់លាន់ទ្រហឹងរញ្ជួយផ្ទះ ចំណែកឯ កូនៗពួកគាត់មិនអាចរៀនសូត្រកើតនោះទេ ដោយសារសំឡេងរំខាននេះ ។

ដោយសារបញ្ហាបែបនេះហើយ ទើបពួកគាត់ទៅដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវមានវិធានការចំពោះក្រុមហ៊ុនបូមខ្សាច់ទាំងនេះផង កុំឲ្យគេចតសាឡង់បូមខ្សាច់អែបច្រាំង និង គោរពពេលវេលារបស់ប្រជាពល​រដ្ឋផង។

គួរបញ្ជាក់ថា កន្លងមកលោកអភិបាល ខេត្តកណ្តាលធ្លាប់ចុះទៅណែនាំដល់ក្រុមហ៊ុនត្រូវចតសាឡង់១០០ម៉ែត្រពី ច្រាំងទន្លេ ពេលបូមឡើងនោះចៀសវាងសំឡេងរំខានពលរដ្ឋនិងកុំឲ្យប៉ះពាល់ដល់ទន្លេផងដែរ ៕ សហការី


ចែករំលែក៖