ខេត្តកំពង់ស្ពឺៈ មន្ត្រីនគរបាលជាច្រើនរូប ក្នុងស្រុកបសេដ្ឋ ក៏ដូចជាតាមបណ្តាប៉ុស្តិ៍រដ្ឋបាលទាំង១៥ បានសំដែងនូវការអាក់អន់ចិត្តជាខ្លាំង នៅពេលដែលដឹងថា លុយឧបត្ថម្ភរបស់ខ្លួនដែលថ្នាក់លើបានទម្លាក់មកតាមរយៈលោកអធិការបានទទួលតែពាក់កណ្តាល ចំណែកពាក់កណ្តាលទៀតមិនដឹងបាត់ត្រឹមណានោះទេ។
ប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍ទាំង១៥ជាច្រើនរូបបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រាប់អ្នកយកព័ត៌មានព្រឹកថ្ងៃទី១០ ខែមិថុនា ២០១៧ថា មិនថា កំលាំងប៉ុស្តិ៍ណា ឬប៉ុស្តិ៍ណានោះទេ ដែលអាន់ចិត្តសូម្បីតែមន្ត្រីក្នុងអធិការដ្ឋានស្រុកបសេដ្ឋទាំងអស់ សុទ្ឋតែអាក់អន់ចិត្តដូចគ្នា តែមិនមានអ្នកណាម្នាក់ហ៑ានចេះញមុខតវ៉ា ឬសួរនាំលោកអធិការឡើយ បើទោះជាដឹងហើយថា លុយដែលពួកខ្លួនបានមិនគ្រប់តាមអ្វីដែលថ្នាក់លើ បានទម្លាក់មកក៏ដោយ ព្រោះតែម្នាក់ខ្លាចអំណាចរបស់លោកអធិការ។
ប្រភពដដែលរៀបរាប់ថា គ្រប់មន្ត្រីតូចតាចបានលះបង់ពេលវេលា និងកម្កាំងកាយចិត្តក្នុងការបំពេញតួនាទី ការពារសន្តិសុខជូនប្រជាពលរដ្ឋ ក៏ដូចជាការពារសន្តិសុខក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់នេះ ដោយមិនខ្លាចនឿយហត់ឡើយ។ ការលះបង់របស់ពួកគាត់សង្ឃឹមថា នឹងទទួលបានមកវិញនូវការតបស្នង ដ៏សមរម្យក្នុងកម្រិតមួយដែលអាចទទួលយកបាន ព្រោះម្នាក់ៗបានដឹងថា លុយដែលខាងថ្នាក់ជាតិ(គជប) បានទម្លាក់មកសម្រាប់កម្លាំងការពារទូទាំងស្រុកចំនួន១៥ប៉ុស្តិ៍ មានចំនួនជិត៣០លានរៀលឯណោះ ដោយក្នុង១ប៉ុស្តិ៍ៗត្រូវទទួលបានជិត២លានរៀល។
មន្ត្រីដដែលបន្តទៀតថា ស្រាប់តែក្រោយការបោះឆ្នោត តាមប៉ុស្តិ៍នីមួយៗ ទទួលបានត្រឹម១លានរៀលទៅវិញ ធ្វើឲ្យមន្ត្រីគ្រប់រូបឆ្ងល់ថា តើលុយទាំងនោះទើរ ឬក៏លោកអធិការធ្វើអោយជ្រុះបាត់នៅកន្លែងណានោះទេ បានជាលោកអធិការយកមកបើកអោយកូនចៅមិនគ្រប់ចំនួនបែបនេះ?
ដំបូងឡើយ មន្ត្រីក្រោមឱវាទបានដាក់ការសង្ស័យថា លោកមេប៉ុស្តិ៍របស់ខ្លួនកាត់លុយទាំងនេះ យកសម្រាប់ខ្លួនឯង តែពេលមន្ត្រីសួរនាំរឿងលុយ លោកនាយប៉ុស្តិ៍ ក៏ដេញអោយទៅសួរលោកយ៉ាង សុខលី ទើបម្នាក់នៅស្ងៀម ព្រោះដឹងថា បើសួរហើយបានត្រឹមតែ មេស្អប់ ទើបម្នាក់បៀមរឿងនេះទុកក្នុងខ្លួនរហូត។ ម្យ៉ាងទៀតនៅពេលសួរនាំមិត្តភក្តិ ដែលជាមន្ត្រីគ្រប់បណ្តាប៉ុស្តិ៍គឺដឹងថា លុយបើកមកមិនគ្រប់ដូចគ្នាគ្រប់បណ្តាប៉ុស្តិ៍ទូទាំងស្រុកបសេដ្ឋតែម្តង ដែលសូម្បីតែមន្ត្រីក្នុងអធិការដ្ឋានស្រុក ដែលចេញការពារដូចតាមបណ្តាប៉ុស្តិ៍ដែរនោះ រហូតមកដល់ពេលនេះ មានអ្នកខ្លះនៅមិនទាន់ទទួលបានលុយឧបត្ថម្ភនេះនៅឡើយទេ។
ក្នុងនាមមន្រ្តីតាមបណ្តាប៉ុស្តិ៍ទូទាំងស្រុក សូមគោរពជូនលោកស្នងការ មេត្តាត្រួតពិនិត្យមើលភាពអសកម្មរបស់លោក យ៉ាង សុខលីនេះផង ជាពិសេសក្នុងនាមមន្ត្រីតូចតាចតាមបណ្តាប៉ុស្តិក៏សុំសំណូមពរដល់សម្តេចក្រឡាហោមស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់ក្រុមអធិការកិច្ចមកស្រាវជ្រាវករណីនេះផងបើបណ្តែតបណ្តោយទៅទៀតមន្ត្រីគ្រប់រូបគ្មានកម្លាំងចិត្តបំពេញការងារទៀតឡើយ។
កូនចៅក្រោមឱវាទសង្ឃឹម និងជឿជាក់ថា លុយដែលបាត់ពាក់កណ្តាលមិនបានគ្រប់ចំនួននេះ គឺមិនមែនលោកអធិការយ៉ាងសុខ លី ជាអ្នកកាត់យកនោះទេ។ តែបើមានក្រុមអធិការកិច្ចក្រសួងចុះមកស្រាវជ្រាវដឹងថាបុគ្គលណាមួយជាអ្នកកាត់យកសូមអោយចាត់ការតាមច្បាប់របស់នគរបាលទៅចុះមិនថា អ្នកកាត់នោះមានឋានៈអ្វីក៏ដោយគឺសុំឲ្យចាត់ការប្រកបដោយមានតម្លាភាពទៅបានហើយ។
អ្នកយកព័ត៌មានបានសុំការបកស្រាយពីលោកអនុសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកបសេដ្ឋពាក់ព័ន្ឋនឹងការលើកឡើងរបស់ក្រុមមន្ត្រីក្រោមឱវាទនៅព្រឹកកថ្ងៃទី១០ មិថុនា ឆ្នាំ២០១៧ ដោយលោកបានបំភ្លឺថា លុយទាំងអស់គឺលោកបានបើកទៅតាមបណ្តាប៉ុស្តិ៍គ្រប់ចំនួនអស់ហើយ ដោយមានការប្រជុំចុះហត្ថលេខាទទួលពីបណ្តានាយប៉ុស្តិ៍ទាំង១៥ទៀតផង។ ពាក់ព័ន្ឋនឹងសំណួរ ដែលអ្នកព័ត៌មានសួរថា តើក្នុង១ប៉ុស្តិ៍ទទួលបានប្រាក់ប៉ុន្មាន លោកយ៉ាង សុខលី បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ៕ សេនាស័ក្តិ