ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់រងរបួសធ្ងន់ ខណៈដែលក្រុមចោរឆក់កាបូបស្ពាយបានសម្រេច បណ្ដាលឲ្យដួលបោកទៅនឹងថ្នល់

ចែករំលែក៖

ភ្នំពេញ៖​ ស្ត្រីម្នាក់បានរងរបួសធ្ងន់ រហូតដល់សន្លប់ស្តូកស្តឹង ខណៈដែលរូបគាត់ជិះម៉ូតូម្នាក់ឯង ហើយត្រូវក្រុមចោរឆក់ ដៃស្អិតបានធ្វើសកម្មភាពឆក់កាបូបស្ពាយបានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្ថិភាព រួមទាំងកាបូបស្ត្រីរងគ្រោះផងដែរ ។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមិថុនា​ ឆ្នាំ២០១៧​ នៅចំណុចផ្លូវលេខ១១៨​ កែងផ្លូវនរោត្តម​ ស្ថិតក្នុងសង្កាត់ផ្សាចាស់​ខណ្ឌដូនពេញ។​

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ​នៅមុនពេលកើតហេតុ​ គេបានឃើញស្រ្តីម្នាក់ជិះម៉ូតូម៉ាកអាយខុន​ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1X8626 ធ្វើដំណើរតាមបណ្តោយផ្លូវនរោត្តម​ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យមានគ្នា៣ម៉ូតូ មកពីក្រោយធ្វើកម្មភាពឆក់កាបូបស្ពាយបានសម្រេចបណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលនឹងថ្នល់រងរបួសធ្ងន់។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារចាស់ដើម្បីរង់ចាំបងប្អូនមកទទួលយកទៅផ្ទះវិញ ៕ ស តារ៉ា


ចែករំលែក៖