ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់បើករថយន្តម៉ាស្តា បុកម៉ូតូអាយខនបណ្ដាលឲ្យរបួសស្រាល ពេលអ្នកព័ត៌មានចុះថតយករូបភាពជេរផ្អើល

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងពីស្រ្តីម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាក់ Masda3 បើកទៅបុកម៉ូតូម៉ាក់ហុងដា Icon បណ្តាលអោយអ្នកបើកបរម៉ូតូដួលរងរបួសស្រាល ភ្លាមនោះកម្លាំងនគរបាលមូលដ្ឋានចុះទៅជួយអន្តរគមន៍ បែរជាស្រ្តីបើករថយន្តបង្ក មិនត្រូវការសមត្ថកិច្ចជួយដោះស្រាយឡើយ ថែមទាំងជេរប្រមាថអ្នកសារព័ត៌មានមិនឲ្យថតផ្សព្វផ្សាយ ។

ករណីគ្រោះថ្នាក់ចរាចរខាងលើនេះ បានកើតឡើងនៅម៉ោង១១ព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ នៅស្តុបក្រោមស្ពានអាកាស៥មករា ស្ថិតនៅផ្លូវសហព័ន្ធរុស្សី សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពី បុរសរងគ្រោះដែលជាអ្នកបើកបរម៉ូតូ Icon ពណ៌សលាយផ្កាឈូក ស្លាកលេខ ភ្នំពេញ 1AC-0684 បានប្រាប់ថា គាត់បានធ្វើដំណើរពីត្បូងទៅជើងតាមផ្លូវម៉ៅសេងទុង ដោយឆ្លងកាត់ក្រោមស្ពានអាកាស៥មករា ស្រាប់តែមានរថយន្ត Masda3 ពណ៌ក្រហម ស្លាកលេខភ្នំពេញ 2AO-1791 បើកបរដោយស្ត្រីម្នាក់ ពីលិចទៅកើតតាមផ្លូវសហព័ន្ធរុស្សី ក្នុងល្បឿនលឿន បានបុកមូតូចំកន្ទុយបណ្តាលអោយរថយន្តនិងម៉ូតូរងការខូចខាត រីឯអ្នកបើកបរម៉ូតូរងរបួសស្រាល ។

បន្ទាប់មកអ្នកសារព័ត៌មាន បានចុះទៅថតផ្តិតយករូបភាព ក៏ត្រូវបុរសម្នាក់ដែលគេសង្ស័យថាជាប្តីស្ត្រីបើករថយន្តបង្កជេរស្តីឲ្យថា”អន់ចរឹក កុំថតបង្ហោះហ្វេសបុក ខ្ញុំមិនចង់ល្បីទេ ពីព្រោះធ្វើការងារធំ” ហើយខ្ញុំកំពុងចរាចរគ្នា មិនត្រូវការសមត្ថកិច្ចទេ ។ តែបុរសជាប្តីស្ត្រីបើករថយន្ត Masda3 យកទូរស័ព្ទខលទៅលោក តី សុវណ្ណារ៉េត អធិការរងទួលផ្នែកសណ្តាប់ធ្នាប់និងចរាចរណ៍នៃអធិការដ្ឋាននរគបាលខណ្ឌទួលគោក មកជួយដោះស្រាយ ស្រាប់តែមួយសន្ទុះមាននរគបាលចរាចរណ៍២នាក់បានមកសម្របសម្រួលគ្នា ។

ជាចុងក្រោយករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាស្តានិងម៉ូតូអាយខនមិនត្រូវការសមត្ថកិច្ចដោះស្រាយឡើយ ៕ ស តារា


ចែករំលែក៖