ភ្នំពេញៈ បុរសម្នាក់ខណៈជិះរថយន្តមកលេងបងប្អូន ហើយពេលមកដល់ មិនបានក្រឡេកមើលឆ្វេងស្តាំរួចបង្ហើបទ្វាររថយន្តបម្រុងចុះមិនប្រយ័ត្នធ្វើឲ្យ រថយន្តពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿងបើកមកពីក្រោយស្របគ្នាកៀរប៉ះទ្វារ រងការខូចខាតរថយន្តទាំងសងខាង តែមិនគ្រោះថ្នាក់ដល់មនុស្សឡើយ ។ ហេតុការនេះកើតឡើង នៅម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ នៅខាងមុខផ្ទះលេខ៤២EA ផ្លូវ៦៦៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
បុរសជាម្ចាស់រថយន្តហាយឡេនឌឺ ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2AJ-6983 បាននិយាយឲ្យដឹងថា មុនពេលកើតហេតុគាត់បាននាំក្រុមគ្រួសារជិះក្នុងរថយន្ត មកលេងបងប្អូន នៅក្បែរកន្លែងកើតហេតុខាងលើ ។ លុះពេលបើករថយន្តមកដល់ផ្ទះបងប្អូន ក៏បានអែបខាងស្តាំដៃដើម្បីចតលើចិញ្ចើមផ្លូវលេខ៦៦៤ រួចរៀបចុះពីលើរថយន្តទៅហើយ ដោយយកដៃបង្ហើបទ្វាររថយន្តផ្នែកខាងឆ្វេងដៃមិនបានមើលក្រោយ ស្រាប់តែមានរថយន្ត Hyundai Accent ពណ៌សពាក់ ស្លាកលេខ ខេមរភូមិន្ទ ០៩ 2-3824មកពីក្រោយមកដល់កៀរប៉ះទ្វារ រងការខូចខាតទ្វាររថយន្តទាំងសងខាងតែម្តង។
ចំណែកម្ចាស់រថយន្ត Hyundai Accent ពាក់ស្លាកលេខ ខេមរភូមិន្ទវិញ បានប្រាប់ឲ្យដឹងថា គាត់បានបើករថយន្ត ទៅយកកូនចេញពីសាលារៀនឯកជនមួយកន្លែងនៅម្តុំបឹងសាឡាង ហើយពេលមកដល់ចំណុចកើតហេតុអ្នកបើក រថយន្តហាយឡែនឌឺមិនមើលឆ្វេងស្តាំទេ ស្រាប់តែអ្នកបើកបរបើកទ្វារបម្រុងចេញ គួបផ្សំរថយន្តរបស់គាត់បើកមកពីក្រោយបើងជែង រថយន្តនេះក៏ប៉ះរថយន្តគាត់ ហើយខាងគាត់មិនទាមទារអ្វីក្រៅ ពីជួសជុលរថយន្តគាត់ ឡើងវិញឡើយ ។
បន្ទាប់មកនគរបាលចរាចរទៅដល់ តែភាគីទាំងពីបាន សម្របសម្រួលគ្នាដោយសន្តិវិធី ដោយខាងរថយន្តហាយឡេនឌឺសុខចិត្ត ចេញថ្លៃជួសជុលទៅខាងរថយន្ត Hyundai Accent ពាក់ស្លាកលេខខេមរភូមិន្ទ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុមិនបាច់ឲ្យសមត្ថកិច្ចជួយដោះស្រាយឡើយ ៕ ប្រាថ្នា