ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​សម្រេច​ឃុំ​ខ្លួន​យុវជន​ម្នាក់​ពី​បទ​ប៉ុនប៉ង​លួច ក្រុមគ្រួសារនាំគ្នា​ទ្រហោ​យំ​​ក្នុង​បរិវេណ​តុលាការ

ចែករំលែក៖

ខេត្តកណ្ដាល​៖ មួយ​គ្រួសារ​រួម​មាន​ជីដូន​ និង​ ម្តាយ​ បាន​ស្រែក​ទ្រហោ​យំ​ក្នុង​បរិវេណ​តុលាការ​ខេត្ត​កណ្ដាល​ បន្ទាប់​ពី​លោក​ស្រី​ ពេជ​ ម៉ារ៉ែន​ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កណ្ដាល​ នៅ​ថ្ងៃទី​១៣​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ សម្រេច​ឃុំ​ខ្លួន​យុវជន​ម្នាក់​ពី​បទ​ប៉ុនប៉ង​ក្នុង​អំពើ​លួច​ ។

ជីដូន​និង​ម្តាយ​យុវជន​ឈ្មោះ​ សេង​ គឹម​សួរ​ អាយុ​២២ឆ្នាំ​ បាន​ស្រែក​ទ្រហោ​យំ​ និង​ រៀបរាប់​ ថា​ កូន​ប្រុស​ពេល​ប្រព្រឹត្ត​បទល្មើស​ គឺ​កំពុង​បែក​ថ្នាំ​ខ្លាំង​ ឬ​ ហៅ​ថា​ប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត​ ។​ ពួកគាត់​ សង្ឃឹម​ថា​ តុលាការ​នឹង​ដោះលែង​យុវជន​រូប​នេះ​ឲ្យ​មាម​សេរីភាព​ឡើងវិញ​ ។

របាយការណ៍​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ បង្ហាញ​ថា​ កាលពី​រសៀល​ថ្ងៃ​ទី​១១​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ មាន​ករណី​ប៉ុនប៉ង​លួច​ នៅ​ចំណុចធនាគារអេស៊ីលីដា ភូមិក្នុង​ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល​ ។

នគរបាល​ បញ្ជាក់​ថា​ ជនសង្ស័យ បានកាន់ដែកគាស់ ជិះម៉ូតូចេញពីផ្ទះរបស់ខ្លួនសំដៅមក​ឃុំព្រែកតាមាក់ ។​ ពេលមកដល់ចំណុច ធនាគារអេស៊ីលីដា ភូមិក្នុង ឃុំព្រែកតាមាក់ ជនសង្ស័យបានឈប់ម៉ូតូនៅមុខ ទូរATM ហើយបានយកដែកគាស់ ដើរចូលទៅក្នុងបន្ទប់ATM រួច​បានវាយទៅលើកញ្ចក់ អេក្រង់បណ្តាលឲ្យឆ្អា(កូដ) ។​ ពេលនោះបុគ្គលិករបស់ធនាគារបានឃើញសកម្មភាពជនសង្ស័យក្នុងកាមេរ៉ាសុវត្ថិភាព ក៏ចេញមកអន្តរាគមន៍ ដេញចាប់ជនសង្ស័យហើយប្រជាពលរដ្ឋនៅទីនោះក៏ជួយដេញចាប់ព្រមទាំងវាយលើជនសង្ស័យបណ្តាលឲ្យមានរបួសស្នាម និងប្រគល់ជនសង្ស័យឲ្យសមត្ថកិច្ចនគរបាល បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការ តាមនីតិវិធី៕ ចេស្តា


ចែករំលែក៖