ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌដូនពេញ បន្តចុះចាប់រថយន្តតាក់ស៊ី ដែលចតដាក់ម៉ូយបង្កឲ្យកក់ស្ទះ នៅគល់ស្ពានជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍នៅរង្វង់មូលគល់ស្ពានជ្រោយចង្វា ដែលក្រុមរថយន្តតាក់ស៊ីបាននាំគ្នាចុះចាប់និងដណ្ដើមម៉ូយគ្នាយ៉ាងអនាធិបតិយ្យកន្លងមកនេះ លោកសុខ ពេញវុធ អភិបាលនៃគណះអភិបាលខណ្ឌដូនពេញ តែងតែដឹកនាំនិងបញ្ជាឲ្យកម្លាំងប្រជាការពារ ដោយសហការជាមួយកម្លាំងនគរបាលចរាចរណ៍ខណ្ឌដូនពេញ បន្តចុះចាប់រថយន្តតាក់ស៊ី ដែលចតដាក់ម៉ូយ នៅគល់ស្ពានជ្រោយចង្វា ជាក់ស្តែងនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ ឃាត់បានរថយន្តតាក់ស៊ីចំនួន០៥គ្រឿង យកមកអប់រំ ណែនាំ និង ធ្វេីកិច្ចសន្យាបញ្ឈប់ការចតរថយន្ត នៅគល់ស្ពានជ្រោយចង្វាបន្តទៀត ។

លោកអភិបាល បានឲ្យដឹងថា កន្លងមកនៅចំណុចរង្វង់មូលគល់ស្ពានជ្រោយចង្វា ដោយមើលឃើញក្រុមអ្នករត់តាក់ស៊ីទាំងអស់ មានភាពអនាធិបតិយ្យដណ្ដើមម៉ូយគ្នា ធ្វើឲ្យមានការកក់ស្ទះចរាចរណ៍ផងដែរនោះ ហើយលោកតែងតែបញ្ជាឲ្យប្រជាការពារសង្កាត់-ខណ្ឌ ចុះទៅចាប់រថយន្តទាំងនោះមកធ្វើការអប់រំកុំឲ្យធ្វើដូច្នេះទៀត ។

ក្រោយពីអប់រំណែនាំ ដល់ពួកគាត់រួចមកលោក សុខ ពេញវុធ ក៏បានឧបត្ថម្ភ ថវិកាអោយគាត់ ចំពោះការបាត់បង់ម៉ូយដែលចុះពីឡានគាត់ ទៅជិះឡានផ្សេងចំនួន១៦នាក់ ក្នុង១នាក់ ចំនួន១ម៊ឺនរៀល សរុបចំនួន១៦ម៉ឺនរៀលផងដែរ ៕ស តារា


ចែករំលែក៖