ខេត្តព្រៃវែង៖ មានករណីលួច និងរំលោភលើទំនុកចិត្តមួយបានកើតឡើងបន្ទាប់ពីបុរសម្នាក់ដែលជាកូនកំលោះបានលួចយកម៉ូតូមួយគ្រឿង រួមទាំងគ្រឿងអលង្ការមានខ្សែកមាស៤ខ្សែ និងខ្សែដៃ៣ខ្សែសរុប៤តម្លឹង២ជីកន្លះ ប្លាទីនទម្ងន់៨ហ៊ុននិងលុយ៥០ម៉ឺនរៀល។ ករណីខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦ ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិត ក្នុងភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុក ស្វាយអន្ទរ ខេត្តព្រៃវែង។
តាមអ្នកភូមិបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ រឹម លាភ អាយុ៦៤ឆ្នាំ មានប្រពន្ធ ឈ្មោះ ហ៊ុន យឺន អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយអន្ទរទី១ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានកូនស្រី ឈ្មោះ លាភ ចន្ថា អាយុ២៤ឆ្នាំ។ ប្រភព បានបន្តថា មុនពេលកើតហេតុជនសង្ស័យ ឈ្មោះ ពូន ធឿន ហៅធី អាយុ២៨ឆ្នាំ ជាតិ ខ្មែរ ត្រូវជាកូនចិញ្ចឹមឈ្មោះនឿន អាយុ ៤៥ឆ្នាំ ជាឪពុក និងឈ្មោះ វឿន អាយុ៤០ ឆ្នាំ ជាម្តាយ រស់នៅភូមិព្រៃខ្លាទី១ ឃុំព្រៃ ខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងបានចូលមកស្តីដណ្តឹងកូនស្រីជនរងគ្រោះតែពីដំបូងជនរងគ្រោះថាមិនឲ្យទេ ព្រោះជនសង្ស័យជាមនុស្សគ្មានម៉ែឪច្បាស់លាស់។ ប៉ុន្តែ ដោយសារឪពុកម្តាយចិញ្ចឹមជនសង្ស័យចេះ តែមកអង្វរករខ្លាំងពេកនិងធានាអះអាងថា កូនប្រុសចិញ្ចឹមរបស់គាត់មានចរិតស្លូត បូតត្រឹមត្រូវ ចេះបើករថយន្ត និងចេះធ្វើការ ងារសព្វគ្រប់ ប្រសិនបើខូចខិលដោយ ប្រការណាមួយប្តីប្រពន្ធជាឪពុកចិញ្ចឹមនឹង ទទូលខុសត្រូវគ្រប់យ៉ាង។
ដោយគិតថា ខ្លួននិងប្រពន្ធកាន់តែចាស់ និងចង់បានកូនប្រសាមកជំនួសកម្លាំងធ្វើស្រែចម្ការផងក៏សម្រេចចិត្តព្រមព្រាងភ្ជាប់ពាក្យ។ ក្រោយពេលភ្ជាប់ពាក្យនិងរៀបការ មិនទាន់បានមួយខែផងឈ្មោះ ពូន ធឿន ហៅធី ជាកូនប្រសាបានលួចគាស់ទូយកខ្សែកមាស៤ខ្សែ និងខ្សែដៃ៣ខ្សែសរុបទាំងអស់៤តម្លឹង២ជីកន្លះ បា្លទីនទម្ងន់៨ហ៊ុន និងលុយ៥០ម៉ឺនរៀល ព្រមទាំងម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១២ ជិះគេចខ្លួនបាត់ ។
ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង៦ព្រឹក ថ្ងៃទី១២ ខែមិថុនា រូបគាត់បានបបួលកូន ប្រសាទៅស្រែតែជនសង្ស័យយកលេសថា មិនស្រួលខ្លួន ឮដូច្នេះគាត់ក៏ឲ្យនៅចាំផ្ទះ។ ក្រោយមកពេលដែលគាត់ត្រឡប់មកពីស្រែវិញឃើញទូរបើកបន្ទប់ដាក់ម៉ូតូក៏ របើកគាត់ក៏ទៅមើលមិនឃើញម៉ូតូ ហើយមាសដែលទុកក្នុងទូក៏បាត់ទើបដឹងថាកូនប្រសាលួចយកទៅទើបធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្តង ។
ករណីនេះជនរងគ្រោះបានទៅដាក់ ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃខ្លារួចហើយឲ្យតាមរកចាប់ជនសង្ស័យ។ បន្ទាប់មកលោកមេប៉ុស្តិ៍បានហៅម្តាយចិញ្ចឹមរបស់ជនសង្ស័យមកសួរនាំ ម្តាយចិញ្ចឹមឆ្លើយថាមិនដឹងទៅរកកូនរបស់ គាត់(ជនសង្ស័យ)ឯណាទេ។ ប៉ុន្តែយ៉ាងណាសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕ សហការី