ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពពិការភាពនៅកម្ពុជា ត្រូវបានលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច យកទៅផ្សាយពេញអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូយក

ចែករំលែក៖

សហរដ្ឋអាមេរិក៖ ថ្លែងពីទីស្នាក់ការកណ្តាលនៃអង្គការសហប្រជាជាតិ នាទីក្រុងញ៉ូយក សហរដ្ឋអាមេរិក លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានិងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បានសម្តែងឆន្ទៈនិងការប្តេជ្ញាចិត្តយ៉ាងមុះមុត របស់កម្ពុជាក្នុងការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ សំដៅជំរុញវិស័យពិការភាពឱ្យដំណើរការទៅកាន់តែល្អប្រសើរ ស្របតាមស្ថានភាពវិវត្តនៃកម្ពុជា។ ការថ្លែងបែបនេះបានធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំសន្និសីទលើកទី១០​នៃរដ្ឋភាគីអនុសញ្ញាស្តីពីសិទ្ធិជនពិការ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧។ “នេះបើតាមអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា” ពីទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។

លោក ឯម ច័ន្ទមករា បានឱ្យដឹងបន្ថែមទៀតថា៖ លោក វង សូត បានធ្វើការប្រកាសអំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ពីការចាត់ទុកវិស័យពិការភាពជាការងារអាទិភាពនៅក្នុងវិស័យអាទិភាព សំខាន់ៗ​ដទៃទៀត ដោយបានកំណត់ក្នុងយុទ្ធសាស្ត្រ ចតុកោណ​ដំណាក់កាលទី៣ អំពីការអនុវត្តគោលនយោបាយពិការភាព ​តា​មរយៈការពង្រឹងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ​ និងលើកកម្ពស់សិទ្ធិ​ជនពិការ ការជំរុញកិច្ចការពារលើកកម្ពស់សិទ្ធិ និងសុខុមាលភាព​ជនពិការ ព្រមទាំង​ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃសេវារបស់មូលនិធិជនពិការ។

លោក វង សូត បានថ្លែងបន្តទៀតថា នៅក្នុងឆ្នាំ២០១៣ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានក្លាយជារដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ ហើយសមិទ្ធផលជាច្រើនបានកើតមានឡើងគួរអោយកត់សម្គាល់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដូចជា ការពិនិត្យឡើងវិញទៅលើការអនុវត្តនូវផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៤-២០១៨ ដែលបានផ្តល់នូវយុទ្ធសាស្រ្តចម្បងៗ ដោយផ្តោតទៅលើសេដ្ឋកិច្ចសង្គម និងសកម្មភាពវប្បធម៌ សុខភាព និងការស្តារ សម្បទាឡើងវិញរួមទាំងការអប់រំ ការទទួលបានការងារធ្វើ និងសេវាហេដ្ឋារចនាសម័្ពន្ធសាធារណៈនិងព័ត៌មាន ការចូលរួមនៅក្នុងសកម្មភាពនយោបាយ ស្រ្តីនិងកុមារពិការជាដើម។

ជារួម រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០៣០ និងសូចនាករសំខាន់ៗ ដែលជាមូលដ្ឋានធានាអោយមានការធ្វើបរិយាប័ន្ន ប្រកបដោយវឌ្ឍនភាព និងលើកកម្ពស់ភាពថ្លៃថ្នូររបស់ជនពិការ។

ក្រៅពីនេះ លោករដ្ឋមន្ត្រី វង សូត ក៏បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្នមានក្រសួង ស្ថាប័នចំនួន១៩ ដែលបានបង្កើតក្រុមការងារពិការភាព ដែលជាទឡ្ហីករណ៍ បង្ហាញពីចេតនាដោះស្រាយនូវបញ្ហាប្រឈមនានា ដូចជា គោលការណ៍ណែនាំមធ្យោបាយងាយស្រួលថ្នាក់ជាតិ (accessibility guidelines) ចំនួនកូតាការងារសម្រាប់ជនពិការនៅក្នុងគ្រឹះស្ថានសាធារណៈ និងឯកជន គោលនយោបាយបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនពិការដោយរួមបញ្ចូលទាំងស្រ្តីពិការ ការផ្តល់នូវឧបករណ៍ជំនួយដោយឥតគិតថ្លៃ និងការស្តារសម្បទា បទបញ្ញត្តិសម្របសម្រួលផ្នែកអាកាសចរណ៍ស៊ីវិលសម្រាប់ជនពិការ ការទទួលបានសេវាថែទាំសុខភាពសាធារណៈដោយឥតបង់ប្រាក់ ការផ្តល់ប្រាក់លើកទឹកចិត្តសម្រាប់ជនពិការឱ្យចូលរួមនៅក្នុងសកម្មភាពវប្បធម៌ ការផ្តល់ប្រាក់លើកទឹកចិត្តក្នុងការអប់រំសម្រាប់សិស្សដែលជាជនពិការ ការផ្តល់នូវប័ណ្ណក្រីក្រសម្រាប់ជនពិការ និងគោលនយោបាយចង្អុលបង្ហាញអំពីការទទួលបាននូវហេដ្ឋារចនាសម្ព័ន្ធនានានៅថ្នាក់ក្រោមជាតិ។

លោក វង សូត បានបញ្ជាក់ពីការវិវត្តន៍របស់រាជរដ្ឋាភិបាលកម្ពុជា កំពុងស្ថិតនៅក្នុងដំណើរកានៃការពង្រឹងផ្នែកដឹកនាំ ការធ្វើផែនការ និងការសម្របសម្រួលតួនាទី ដែលមានសារៈសំខាន់ សំដៅធានាការស្តារឡើងវិញនៅមូលដ្ឋានសហគមន៍ប្រកបដោយនិរន្តរភាព ដោយរួមបញ្ចូលនូវការផ្តល់សេវាស្តារសម្រាប់ជនពិការ។

ឆ្លើយតបទៅនឹងអនុសញ្ញានេះផងដែរ ការផ្សព្វផ្សាយផ្នែកពិការភាព គឺជារបៀបវារៈគន្លឹះសំខាន់មួយក្នុងចំណោមរបៀបវារៈជាច្រើន សម្រាប់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការលើកកម្ពស់សមភាព និងការចូលរួមពេញលេញរបស់ជនពិការក្នុងគ្រប់វិស័យ លើសពីនេះទៀត ច្បាប់ស្តីពីការទទួលបានព័ត៌មានត្រូវបានព្រាងឡើង ច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលត្រូវបានកែតម្រូវដោយលុបចោលនូវចំណុចទាក់ទងនឹង “បេក្ខជនត្រូវមានកាយ សម្បទាគ្រប់គ្រាន់” ការធ្វើវិសោធនកម្មទៅលើបទដ្ឋានសន្តិសុខសង្គម ដំណើរការជ្រើសរើសជនក្រីក្រសម្រាប់ផ្តល់ប័ណ្ណសម្គាល់ខ្លួននៅទីជនបទដាច់ស្រយាល ការកាត់បន្ថយគ្រោះមហន្តរាយហានិភ័យនានានៅតាមសហគមន៍ និងបទដ្ឋានកិច្ចការពារសង្គមឱ្យកាន់តែមានភាពទូលំទូលាយនៅក្នុងការពិភាក្សាជាមួយអង្គការជនពិការ៕ សុខ ខេមរា


ចែករំលែក៖