ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ​បានរិះគន់ អាជ្ញាធរអគ្គីសនីខេត្តសៀមរាបថា ខ្សែភ្លើងធ្លាក់រាយប៉ាយ តាមផ្លូវសំខាន់ៗក្នុងក្រុងទេសចរណ៍ បង្កើតហានីភ័យដល់អ្នកធ្វើដំណើរឆ្លងកាត់

ចែករំលែក៖

ខេត្តសៀមរាប៖ ប្រជាពលរដ្នមជ្ឍដ្ឋាននានា ក្នុងខេត្តទេសចរណ៍សៀមរាបអង្គរបានរិះគន់ថា អាជ្ញាធរអគ្គីសនី ហាក់មានភាពទន់ខ្សោយ ដែលបានបណ្តែតបណ្តោយឲ្យក្រុមហ៊ុនមួយចំនួនអូស​​ខ្សែភ្លើងមកបំពាក់តាមបង្គោលភ្លើងរបស់រដ្ឋ ហើយបញ្ហានេះវាអាចមានហានិភ័យខ្លាំងចំពោះសុវត្ថិភាព និង សោភណ្ឌភាព ទេសចរណ៍ទៀតផង។

លោក ឡាយ ម៉េង ជា ពលរដ្ឋម្នាក់ រស់នៅក្នុងក្រុងសៀមរាបបានប្រាប់ ថា រឿងខ្សែនៅតាមបង្គោលភ្លើង ដែលមានខ្សែចម្រុះគ្នាច្រើន បានធ្លាក់នៅតាមផ្លូវរញ៉េរញ៉ៃ នៅតែកើតមានដដែល ដោយសារអាជ្ញាធរអគ្គីសនីមិនយកចិត្តទុកដាក់ ។ លោកបន្តថា ទាំងលោក ទាំងអ្នកដទៃទៀតមិនហ៊ានជិះម៉ូតូមកជិតបង្គោលភ្លើងទាំងនេះទេ ព្រោះពួកគេខ្លាចឆក់ ។

ចំណែក អ្នកស្រី ជាន ដានី ដែលជាអាជីវករលក់ដូរម្នាក់ រស់នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានបញ្ចេញយោបល់ថា៖ ក្នុង១ខែៗ ខាងអគ្គីសនីប្រមូលលុយច្រើនណាស់ មិចក៏មិនរៀបចំឲ្យស្អាត់ទៅ យកលុយទៅណាអស់ បើបានលុយមកយកបង់ចូលរដ្ឋខ្លះទៅវាល្អដែរ តែកុំឲ្យយកទៅចូលហោប៉ៅមេៗទៅបានហើយ។

លោក ស៊ូប្លា តុង អភិបាលក្រុងសៀមរាប មិនអាចសុំការពន្យល់បានទេនៅថ្ងៃទី១៣ខែមិថុនា នេះដោយសារហៅទូរស័ព្ទទៅលោកចូលតែគ្មានអ្នកទទួល។

ជុំវិញទៅនឹងករណីខាងលើនេះដែរ លោក គង់ ពុទ្ធី ប្រធានអគ្គីសនីខេត្តសៀមរាបបានមានប្រសាសន៍តាមទូរស័ព្ទនៅថ្ងៃទី១៣ខែមិថុនានេះថា៖តាមពិតទៅខ្សែភ្លើងដែលយកមកពាក់នៅលើបង្គោលភ្លើងនោះគឺមានដូចជា៖ ខ្សែទូរស័ព្ទ,ខ្សែអ៊ិនធឺណែតជាដើម ហើយករណីនេះ អាជ្ញាធរអគ្គីសនី បានចុះរៀបចំបាន ស្អាតខ្លះហើយគឺនៅតាមបណ្តោយផ្លូវជាតិលេខ៦ និងផ្លូវទៅព្រលានយន្តហោះ។

លោកបានបញ្ជាក់ថា ចំណែកកន្លែងដទៃទៀតដែលខាងលោកនៅមិនទាន់ធ្វើនោះ គឺដោយសារតែជាប់ចុះរៀបចំតភ្លើងចូលផ្ទះពលរដ្ឋសិន ឯតំបន់ខ្លះនៃខេត្តសៀមរាបនៅមិនទាន់មានភ្លើងប្រើប្រាស់ទេ។​

លោកបញ្ជាក់បន្ថែមថា មានក្រុមហ៊ុនខ្លះដែលមកសុំពាក់ខ្សែភ្លើងលើបង្គោលរបស់រដ្ឋ គឺត្រូវបង់លុយហើយ ៗលុយទាំងនោះគឺលោក ត្រូវបានបញ្ចូលទៅឲ្យខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕ ប៊ុន រិទ្ធី


ចែករំលែក៖