ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវគេដឹងថា មានជំងឺប្រចាំរ៉ាំរ៉ៃយូរខែឆ្នាំព្យាបាលមិនជាសះស្បើយនោះ បានធ្វើសកម្មភាពលួចរត់ចេញពីលំនៅឋានរបស់ខ្លួនទៅចងកខ្លួនឯងបណ្តាលឲ្យបាត់បង់ជីវិតនៅកណ្តាលព្រៃជ្រៅ បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងសមត្ថកិច្ចជំនាញមូលដ្ឋានចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោ ៤ ទៀបភ្លឺ ជនរងគ្រោះបានហក់រត់ចេញពីផ្ទះ ដោយកាន់ក្រមាពណ៌ក្រហមមួយជាប់នឹងដៃ ហើយក្រុមគ្រួសារ អ្នកស្រុក ភូមិ ប្រជាការពារ និងនគរបាលប៉ុស្តិ៍ នាំគ្នាតាមរកគ្រប់ទីកន្លែង តែរកមិនឃើញ រហូតមកដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧វេលាម៉ោង ១៤ និង ៣០ នាទី ម្តាយបង្កើតរបស់ជនរងគ្រោះឈ្មោះ វ៉ា ណារី អាយុ ៥៣ ឆ្នាំ ជនជាតខ្មែរ បានដើរទៅរកម្តុំព្រៃភូមិចាស់តាគី ស្ថិតនៅភូមិបេង ឃុំស្នាអន្សា ស្រុកក្រគរ ខាងត្បូងឆៀងខាងកើតផ្ទះជនរងគ្រោះប្រហែល១០០០ម៉ែត្រ ចោលក្លិនស្អុយ រុករកបន្តទៅក្នុងព្រៃ ស្រាប់តែឃើញកូនរបស់ខ្លួន ចងកជាមួយក្រមាជាប់នឹងមែកដើមត្រាច ស្លាប់ ។
ប្រភពបន្តថា ពេលនោះគាត់(ម្តាយ)បានទៅប្រាប់ប្រពន្ធកូន បងប្អូន និងរាយការណ៍ជូនសមត្ថកិច្ច ចុះទៅពិត្យសាកសព រួចទើបដឹងថា ពិតជាករណីស្លាប់ដោយសារចងកពិតប្រាកដមែន ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា សាកសពជនរងគ្រោះឈ្មោះវ៉ា សុភាព អាយុ៣៩ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅភូមិក្រាំងវែង ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានប្រពន្ធឈ្មោះ អៀវ លីម អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មានកូន ០៦ នាក់ ប្រុស ០១ នាក់ ។ សមត្ថកិច្ចបញ្ជាក់ថា មូលហេតុចងកធ្វើអត្តឃាតរបស់ជនរងគ្រោះដោយសាររោគសរសៃប្រាសាទប្រចាំកាយ ៕ ប៉ឹម ពិន