ខេត្តប៉ៃលិន ៖ ផ្លូវកៅស៊ូមួយខ្សែរងការខូចខាតស្ទើរតែទាំងស្រុង ដោយសារអត់ មានប្រព័ន្ធលូ ភ្លៀងធ្លាក់ដក់ទឹក រថយន្តធំ តូចដឹកអាចម៍ដីបើកបរឆ្លងកាត់ទៅមកជាហេតុធ្វើឱ្យដាច់ផ្លូវថ្មកៅស៊ូ ទៅជាជង្ហុកបាយខុំជាច្រើនកន្លែងនិងដក់ទឹកផង ។ ករណី នេះពលរដ្ឋរិះគន់ថា អាជ្ញាធរក្រុងប៉ៃលិន និងមន្រ្តីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តប៉ៃលិនមិនរវល់ បើទោះបីបានដឹងបានឃើញរថយន្តបើកឆ្លងកាត់បំផ្លាញផ្លូវយ៉ាងណាក៏មិនចាត់វិធានការទុកឱ្យបងប្អូនប្រជា ពលរដ្ឋបន្តរិះគន់ ខណៈពួកគាត់ធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែនេះបារម្ភពីគ្រោះថ្នាក់ ចរាចរណ៍ដួលបាក់កបាក់ដៃជើងរហូត បាត់បង់អាយុជីវិត។
ប្រជាពលរដ្ឋបានឲ្យដឹងថា ផ្លូវមួយខ្សែដែលរងការខូចខាតស្ថិតនៅខាងកើតមន្ទីរអប់រំខេត្តរហូតមកដល់របងសាលាខេត្តប៉ៃលិនក្នុងភូមិប៉ាហ៊ីត្បូងជាប់នឹងព្រំប្រទល់ ភូមិទឹកថ្លា ,សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ ផ្លូវ មួយខ្សែនេះជង្ហុកបាយខុំធ្វើឱ្យប្រជាពល រដ្ឋនិងសិស្ស ជិះម៉ូតូស្ទើរមិនចង់រួចគេចតែជង្ហុក ហើយពួកគាត់ខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត ។ ដូច្នេះប្រជាពលរដ្ឋដែលរស់នៅទីនោះក៏ដូចជាបងប្អូនអ្នកធ្វើដំណើរ ឆ្លង កាត់តាមបណ្ដោយផ្លូវកៅស៊ូដែល ខូចនេះស្នើសុំដល់អាជ្ញាធរក្រុងនិងមន្ទីរសាធារណការនិងដឹកជញ្ជូនព្រមទាំង មន្ត្រីពាក់ព័ន្ធ មេត្តាមើលផ្លូវនេះផងហើយបើនៅតែបន្តមិនជួសជុលផ្លូវនេះទៀតនឹងខូចកាន់តែច្រើនឡើង។
បើតាមមន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនបាននិយាយថា ផ្លូវមួយខ្សែដែលខូចនៅខាងកើតមន្ទីរអប់រំនិងមុខមន្ទីរអប់រំនោះ ក្រុមការងារកំពុងចុះទៅពិនិត្យ រួចធ្វើគម្រោងស្នើសុំថវិកាថ្នាក់លើ ដើម្បី យកមកជួសជុលផ្លូវជង្ហុកសំបុកមាន់នេះហើយ ៕ ស សារ៉េត