ព័ត៌មានទាន់ហេតុការណ៍៖

គ្រូពេទ្យមន្ទីរពេទ្យបង្អែកជ័យជំនះរងការចោទប្រកាន់ថា មិនយកចិត្តទុកដាក់បណ្តាលឲ្យអ្នកជំងឺស្លាប់

ចែករំលែក៖

ខេត្តកណ្តាល៖ គ្រួសារអ្នកជំងឺនិយាយថា មកពីគ្រូពេទ្យមិនយកចិត្តទុកដាក់ ទើបបណ្តាលឲ្យអ្នកជំងឺស្លាប់ ហើយសំណូមពរឲ្យគ្រូពេទ្យមានក្រមសីលធម៌ និងគោរពវិជ្ជាជីវៈ ប៉ុន្តែគ្រូពេទ្យបកស្រាយថា មកពីស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរពេក ។

លោក វែង ផល្លា ស្វាមីរបស់សពស្ត្រីរង គ្រោះបាននិយាយថា ភរិយារបស់លោក ដែលស្លាប់នេះឈ្មោះ ហេង មួយគា អាយុ ១៩ឆ្នាំ មានកូនស្រីម្នាក់អាយុ១ខួបកន្លះ និងមានទីលំនៅភូមិព្រែកតាឡុង សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។ លោកបានបន្តថា ប្រពន្ធរបស់លោកស្លាប់ដោយសារលេបថ្នាំងងុយដេកអស់ចំនួន៣០គ្រាប់ ហើយបើសិនជាគ្រូ ពេទ្យមានការយកចិត្តទុកដាក់ព្យាបាលវិញ នោះភរិយារបស់លោកមិនស្លាប់នោះទេ។ លោកក៏បានប្រាប់ដែរថា ភរិយារបស់លោក បានលេបថ្នាំងងុយដេកនៅម៉ោងប្រមាណ២និង៣០នាទីរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីមានបញ្ហានៅក្នុង គ្រួសារបន្តិចបន្តួច ហើយក្រោយពីដឹង លោកក៏ប្រញាប់ដឹកប្រពន្ធយកមកសង្គ្រោះនៅមន្ទីរពេទ្យជ័យជម្នះក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ។

ពេលមកដល់គ្រូពេទ្យបានជួយលាង ក្រពះ និងដាក់សេរ៉ូមឲ្យហើយប្រាប់ថា មិន អីទេអាចជួយសង្គ្រោះបាន ព្រោះបានសម្អាត ក្រពះរួចរាល់អស់ហើយ។ ដោយបារម្ភពីប្រពន្ធលោកនិងសាច់ញាតិតែងទៅសួរគ្រូពេទ្យជារឿយៗ ហើយពេទ្យតបថា មិន មានបញ្ហាអ្វីទេ។ រហូតដល់ម៉ោងប្រមាណ ៧និង៣០នាទីយប់នៅពេលដែលភរិយាធ្វើទុក្ខលោកបានរត់ទៅហៅគ្រូពេទ្យរហូតដល់៤លើក ទើបពេទ្យមកមើលហើយ ដោយភ័យពេកលោកក៏ស្នើសុំឲ្យគ្រូពេទ្យដាក់អុកស៊ីសែនឲ្យ។ ប៉ុន្តែគ្រូពេទ្យនៅតែ និយាយថា មិនអីដដែលនិងប្រាប់ថា បើធ្ងន់ ធ្ងរគ្មានលទ្ធភាពនឹងបញ្ជូនទៅពេទ្យនៅ ភ្នំពេញហើយធ្វើឱ្យលោកនិងសាច់ញាតិមានទំនុកចិត្ត។ នៅខណៈដែលភរិយា ត្រដរខ្យល់លោកខំរត់ទៅហៅគ្រូពេទ្យបែរជាគ្រូពេទ្យស្តីឱ្យថាចាំបាច់ស្រែកឡូឡាធ្វើ អ្វីនិងឃើញបុគ្គលិកម្នាក់មកពិនិត្យរួចដើរចេញទៅវិញដោយមិនប្រាប់សូម្បីតែ១ មា៉ត់ថាប្រពន្ធរបស់លោកស្លាប់នោះទេ ។

ស្វាមីរូបនេះបានប្រាប់ថា លុះដល់ម៉ោង ៨និង៣០នាទីយប់ភរិយាលោកលោកក៏ ដាច់ខ្យល់ស្លាប់ទៅហើយលោកពិតជាខកចិត្តយ៉ាងខ្លាំង។ លោកនិយាយថា បើគ្រូ ពេទ្យខ្នះខ្នែងប្រពន្ធរបស់លោកមិនស្លាប់នោះទេ ហើយសំណូមពរឱ្យគ្រូពេទ្យទាំង ឡាយ ពិសេសនៅមន្ទីរពេទ្យជ័យជម្នះនេះមានក្រមសីលធម៌និងគោរពវិជ្ជាជីវៈរបស់ខ្លួនផង ។

អ្នកស្រី ស៊ីមន អ្នកកំដរអ្នកជំងឺនៅក្នុង បន្ទប់លេខ៣ជាមួយគ្នាបានប្រាប់ថា គាត់ឃើញតែក្រុមគ្រួសារអ្នកជំងឺរត់ទៅហៅ ពេទ្យ ហើយគ្រូពេទ្យតែងតែឆ្លើយថាមិន មានបញ្ហាអ្វីនោះទេបើមានបញ្ហាគឺបញ្ជូនហើយមិនទុកទេ ។

ឆ្លើយតបនឹងការចោទប្រកាន់នេះ លោកវេជ្ជបណ្ឌិត លី មករា អនុប្រធានមន្ទីរ ពេទ្យជ័យជម្នះ និងជាប្រធានក្រុមបច្ចេក ទេសផងនោះបានពន្យល់ថា មិនមែនជា កំហុសរបស់គ្រូពេទ្យមិនយកចិត្តទុកដាក់នោះទេ។ ប៉ុន្តែមកពីស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរ ពេកទៅហើយដោយសារតែថ្នាំបានជ្រាប ចូលក្នុងសព៌ាង្គកាយពេញអស់ទៅហើយ។ លោកបន្តថា ធម្មតាថ្នាំបើយើងលេបចូល ទាល់តែ៤៥នាទីទើបជ្រាបចូលក្នុងសរីរាង្គកាយយើង ហើយអ្នកស្លាប់មានបំណង សម្លាប់ខ្លួនទៅហើយ។ ដូច្នេះចំនួនថ្នាំដែល គាត់លេបអាចច្រើនជាងនេះ ពេលវេលាក៏ អាចយូរជាងនេះហើយការដែលលាងក្រពះអាចសម្អាតតែគ្រាប់ថ្នាំប៉ុណ្ណោះ។ ប៉ុន្តែថ្នាំ រលាយបានជ្រាបចូលក្នុងសរសៃឈាមបេះ ដូងនិងប្រព័ន្ធប្រសាទអស់ទៅហើយៗថ្នាំដែលអ្នកស្លាប់លេបនេះជាប្រភេទថ្នាំរម្ងាប់អារម្មណ៍សម្រាប់អ្នកមានបញ្ហាផ្លូវចិត្ត ។

ក្រោយពីស្តាប់ការពន្យល់និងជជែកគ្នាអស់ជាច្រើនម៉ោងមកនៅម៉ោង១២និង ៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី១៤ ខែ មិថុនាក្រុមគ្រួសារក៏សម្រេចដឹកសពចេញយកទៅធ្វើបុណ្យនៅឯស្រុកស្នួល ខេត្ត ក្រចេះហើយមន្ទីរពេទ្យបានជួយដឹកសព និងចូលរួមរំលែកទុក្ខចំនួន២០០ដុល្លារ ៕ ហេង នរិន្ទ្រ


ចែករំលែក៖