ខេត្តឧត្ដរមានជ័យ ៖ ប្រជាពលរដ្ឋរាប់ រយនាក់ក្នុងមួយថ្ងៃៗនិងក្បែរម៉ឺននាក់ក្នុងមួយខែៗបានទៅទទួលសេវាពិនិត្យពិគ្រោះ និងព្យាបាលជំងឺនៅប្រទេសថៃដែលចេញ ចូលនៅតាមច្រកទ្វារអន្តរជាតិអូរស្មាច់ខេត្ត ឧត្តរមានជ័យកំពុងតែត្រូវបានចាញ់បោក មេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍គឺលោកវរសេនីយ៍ឯក ខួង ទីន និងមន្រ្តីក្រោមឱវាទ តាមរយៈកាផ្ដល់បណ្ណព្រំដែន(បដឺផាក)ដោយនគរបាលប៉ុស្ដិ៍មិនគោរពនិងអនុវត្តតាមអនុក្រឹត្យរបស់ក្រសួងដែលបានអនុម័តចងក្រងជាផ្លូវច្បាប់ដើម្បីឲ្យមន្រ្ដីជំនាញ ផ្ដល់សេវាសាធារណៈជូនដល់តម្រូវការ របស់ពលរដ្ឋ ។
ពលរដ្ឋម្នាក់បានឲ្យដឹងនៅមុខប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍និងច្រកទ្វារអន្តរជាតិ អូរស្មាច់ក្រុងសំរោងខេត្តឧត្តរមានជ័យថា ពួកគាត់បានធ្វើបណ្ណព្រំដែន ត្រូវបានមន្រ្ដីនគរបាលដែលជាអ្នកផ្ដល់សេវាសាធារណៈតម្រូវឲ្យពួកគាត់បង់ប្រាក់៧ម៉ឺនរៀលដែលតម្លៃនេះជាតម្លៃទ្វេគុណទៅនឹងសៀវភៅ បន្ទុករបស់ក្រសួងរហូតដល់ទៅប្រាំម៉ឺនរៀលឯណោះ ។
នេះជាមូលហេតុដែលពលរដ្ឋកំពុងតែចោទប្រកាន់ទៅលើលោកវរសេនីយ៍ឯក ខួងទីនថាកំពុងតែឆ្លៀតឱកាសជិះជាន់គាបសង្កត់និងជំរិតយកប្រាក់ពីពួកគាត់ក្រីក្រ ដោយមិនគោរពច្បាប់នៃការផ្ដល់សេវា សាធារណៈ។
បើតាមការឲ្យដឹងពីមន្រ្ដីនគរបាល អន្តោប្រវេសន៍ម្នាក់សុំមិនបញ្ចេញឈ្មោះ ទម្លាយថាប្រជាពលរដ្ឋដែលនៅក្នុងខេត្ត ឧត្តរមានជ័យត្រូវបង់ថ្លៃសេវា៥ម៉ឺនរៀល រីឯអ្នកមកពីតាមបណ្ដាខេត្តផ្សេងគឺ៧ម៉ឺន រៀលជាទូទៅហើយសេវានេះគឺបានអនុវត្តច្រើនឆ្នាំមកហើយដែលផ្ទុយនិងអនុក្រឹត្យដែលកំណត់ឲ្យយកតែ២ម៉ឺនរៀលតែ ប៉ុណ្ណោះ ។
បើតាមការឲ្យដឹងពីសមត្ថកិច្ចដែល ប្រចាំការនៅច្រកទ្វារអន្តរជាតិអូរស្មាច់ម្នាក់ថាមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករចេញ ចូលទៅប្រទសេថៃទាំងទៅរកការងារធ្វើនិងទៅពិនិត្យព្យាបាលជំងឺបើថ្ងៃធម្មតា២ទៅ៣រយនាក់ រីឯថ្ងៃសៅរ៍និងថ្ងៃអាទិត្យមាន រហូតដល់៤ទៅ៥រយនាក់ក៏មាន។បើសរុបចំនួនមនុស្សជាមធ្យមមានពលរដ្ឋប្រមាណក្បែរម៉ឺននាក់ក្នុងមួយខែៗទៅប្រទេសថៃនេះ ហើយបើគិតជាលុយវិញរាប់លានរៀលចំពោះស្ថាប័ននគរបាលអន្តោប្រវេសន៍ មួយ ។ ក្នុងនោះត្រូវបានគេសង្ស័យថា ប្រហែលមានការរួមចំណែកជាមួយនឹង លោក កន ប្រធានស្នាក់ការច្រកទ្វារផងដែរ ពីព្រោះមានពលរដ្ឋរាយកាណ៍ថាស្នាក់ការច្រកទ្វាយកប្រាក់ច្រើនជាងគេនៅមុខទំនិញចេញចូល។
លោកវរសេនីយ៍ឯក ខួង ទីន មេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍បានឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ថានៅពេលនេះអត្រាពលរដ្ឋឆ្លងដែនមានការ ថយចុះហើយការផ្ដល់សេវាបណ្ណឆ្លងដែនសម្រាប់ពលរដ្ឋនៅក្នុងខេត្ត២៥.០០០រៀល ។ ដោយឡែកអ្នកនៅក្រៅស្រុក៥ម៉ឺន រៀល ។ លោកបានបញ្ជាក់បន្ថែមថាតាម ពិតអ្នកមកពីតាមបណ្ដាខេត្តលោកមិនត្រូវធ្វើឲ្យផងហើយអ្នកខ្លះគេរត់ការឲ្យអស់ ៧ទៅ៨ម៉ឺនរៀលឯណោះ ។
មានពលរដ្ឋជាច្រើនសូមអំពាវនាវដល់ក្រសួងមហាផ្ទៃនិងអគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ជាពិសេសលោកសរ ថាវី អភិបាលខេត្តឧត្តរមានជ័យជួយកែទម្រង់ស្ថាប័ន អន្តោប្រវេសន៍នៅច្រកទ្វារអន្តរជាតិអូរស្មាច់ឲ្យមានប្រសិទ្ធភាពផងចៀសវាងកុំឲ្យមាន ការប្រព្រឹត្តអំពើពុករលួយបន្តទៀត ៕ ប៉ែន នួន