ព័ត៌មានទាន់ហេតុការណ៍៖

អត់​មេធាវី​ធ្វើ​ឲ្យ​សវនាការ​​រឿង​ក្ដី​លោក​ អ៊ុំ​ សំអាន​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​លើក​ពេល​​

ចែករំលែក៖

ភ្នំពេញ​​៖​ តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ នេះ​ បើក​សវនាការ​រឿង​ក្ដី​លោក​ អ៊ុំ​ សំអាន​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ប្តឹង​ប្រឆាំង​នឹង​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ ដែល​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​៦ខែ​ ពាក់ព័ន្ធ​រឿង​ផែនទី​សន្ធិសញ្ញា​កម្ពុជា​វៀតណាម​ ។​

ប៉ុន្តែ​សវនាការ​នេះ​ ត្រូវ​បាន​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ​វិញ​ ព្រោះ​ជនជាប់ចោទ​គ្មាន​មេធាវី​ការពារ​ក្ដី​ ។​ មន្ត្រី​តុលាការ​កំពូល​ ថ្លែង​ថា​ រឿង​ក្តី​ព្រហ្មទណ្ឌ​បទល្មើស​ឧក្រិដ្ឋ​ សវនាការ​ត្រូវ​តែ​មាន​មេធាវី​ការពារ​ក្ដី​ដាច់​ខាត​ ។

ទោះបី​យ៉ាងណា​ ក្រុម​អ្នក​សារព័ត៌មាន​ ពុំ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​បរិវេណ​តុលាការ​កំពូល​ ដើម្បី​ផ្តិត​យក​រូបភាព​ទេ​ ។

គួរ​បញ្ជាក់​ថា​ ក្រោយ​បើក​សវនាការ​ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែ​ធ្នូ​ ឆ្នាំ​២០១៦​ កន្លង​ទៅ​ សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទុក​ជា​បាន​ការ​ដដែល​ ពោល​គឺ​ ផ្តន្ទា​ទោស​លោក​ អ៊ុំ​ សំអាន​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដាក់​ពន្ធនាគារ​រយៈពេល​២ឆ្នាំ​៦ខែ​និង​ពិន័យ​៤លាន​រៀល​ ។

​លោក​ អ៊ុំ​ សំអាន​ ​ជាប់​ចោទ​ចំនួន​ពីរ​បទល្មើស​ គឺ​ បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ បង្ក​ភាព​វឹកវរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម​ និង​ បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ តាម​មាត្រា​៤៩៥​ និង​ ៤៩៦​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ​ និង​ ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​អំឡុង​ឆ្នាំ​២០១៥​ រហូត​ដល់​ថ្ងៃ​ទី​១០​ ខែ​មេសា​ ឆ្នាំ​២០១៦​ ។

ក្នុង​ការ​សម្រេច​នេះ​ គឺ​ ​ តុលាការ​បាន​អាន​សំអាង​ហេតុ​ចំនួន​១៥ចំណុច​ ។​ ចំណុច​សំខាន់​ៗ​មាន​ដូចជា​ លោក​ អ៊ុំ​ សំអាន​ ពិត​ជា​មាន​ចេតនា​ប្រព្រឹត្ត​បទល្មើស​ ។​ លោក​ អ៊ុំ​ សំអាន​ នៅ​តែ​មាន​អភ័យ​ឯកសិទ្ធិ​សភា​ ដដែល​ តែ​ដោយសារ​នេះ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​ មាន​ចែង​តាម​មាត្រា​៨៦នៃ​ក្រម​នីតិវិធី​ ព្រហ្មទណ្ឌ​ គឺ​តុលាការ​អាច​ដំណើរការ​ក្តី​បាន​ជា​ធម្មតា​​ ៕​ ចេស្តា


ចែករំលែក៖